(ម៉ូស្គូ)៖ ហេតុការណ៍ផ្ទុះដ៏ខ្លាំងមួយបានកើតឡើងនៅថ្ងៃចន្ទនេះ នៅឯស្ថានីយរថភ្លើងក្រោមដីមួយកន្លែង ស្ថិតនៅក្នុងទីក្រុង Saint-Petersbourg នៃប្រទេសរុស្ស៊ី ខណៈបើតាមសេចក្ដីរាយការណ៍ពីបណ្ដាសារព័ត៌មាននៅក្នុងស្រុក មានមនុស្សយ៉ាងតិច១១នាក់បានស្លាប់ និងជាង៤០នាក់ ផ្សេងទៀតបានរងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅយប់ចូលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។
អាជ្ញាធររុស្ស៊ី បានហៅទង្វើផ្ទុះគ្រាប់បែកនេះជាអំពើភេរវកម្ម ហើយថាមិនទាន់មានក្រុមណាមួយចេញមុខមកទទួលខុសត្រូវលើករណីនេះទេ។
ករណីផ្ទុះបានកើតឡើងនៅវេលាម៉ោង ២៖៤០នាទីរសៀល ចំពោះពេលដែលការធ្វើចរាចរណ៍មានភាពមមាញឹកខ្លាំង។ ស្ថានីយរថភ្លើងក្រោមដីជាច្រើនកន្លែង ត្រូវបិទដំណើរជាបណ្ដោះអាសន្ន។
ប៉ុន្តែយ៉ាងណាក៏ដោយភ្លាមនោះដែរ ពុំទាន់មានសេចក្ដីរាយការណ៍ណាមួយ បញ្ជាក់ពីមូលហេតុផ្ទុះនេះនៅឡើយទេ៕