(អាមេរិក)៖ មកទល់ពេលបច្ចុប្បន្នវាមានរយៈពេលប្រមាណ៤០ឆ្នាំហើយ ចាប់តាំងពីពេលដែលសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកច្រើនសន្ធឹកសន្ធាប់ទៅលើប្រទេសកម្ពុជា ដែលជាលទ្ធផលបានសម្លាប់ជីវិតមនុស្សមនុស្សរាប់សែននាក់។ ដោយឡែកខណៈពេលនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បែរជាកំពុងដាក់សម្ពាធឲ្យកម្ពុជាសងបំណុលជាប្រាក់កម្ចីចំនួន ៥០០លានដុល្លារកាលពីសម័យសង្រ្គាមវៀតណាម ដែលត្រូវបានប្រគល់ទៅឲ្យរដ្ឋាភិបាលមិនស្របច្បាប់របស់កម្ពុជានាសម័យនោះ ដោយរដ្ឋបាលអតីតប្រធានាធិបតីលោក Richard Nixon ដើម្បីជួយអាមេរិកក្នុងការប្រយុទ្ធតទល់ជាមួយរដ្ឋាភិបាលកុម្មុយនិស្តវៀតណាមខាងជើងទៅវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) ចេញផ្សាយថ្មីៗនេះ។
លោក Robert Freeman អ្នកនិពន្ធសៀវភៅ «Vietnam: The Best One-Hour History» បានចូលរួមក្នុងបទសម្ភាសន៍មួយជាមួយ ភ្នាក់ងារសារព័ត៌មាន RT ប្រចាំនៅសហរដ្ឋអាមេរិកអ្នកនាង Ashlee Banks ដើម្បីជជែកពិភាក្សាជុំវិញបញ្ហានេះ។
ពិធីការិនីអ្នកនាង Ashlee Banks បានលើកជាសំណួរថា៖ «តើលោកមានការឆ្លើយតបយ៉ាងណា ចំពោះបញ្ហានៃការទាមទារឲ្យសងប្រាក់បំណុលនេះ»?
លោក Robert Freeman «ពុំមានមន្ទិលសង្ស័យនោះឡើយថា ជាប្រវត្តិសាស្រ្ត សហរដ្ឋអាមេរិក បានបង្កការបំផ្លិចបំផ្លាញក្នុងទ្រង់ទ្រាយដ៏សែនធំមហិមា ចំពោះសង្គមកម្ពុជាហើយដូចដែលអ្នកបានលើកឡើង ពួកគេបានទម្លាក់គ្រាប់បែកចំនួន ៥០០,០០០តោន ទៅលើប្រទេសកម្ពុជាជាហេតុបណ្តាលឲ្យមនុស្សប្រហែលជាពីរលាននាក់បាត់បង់ជីវិត។ ជុំវិញការទាមទារឲ្យសងបំណុលនេះ គឺដូចជាការដែលខ្ញុំយកញញួរទៅសំពងក្បាលអ្នក តែនៅពេលនោះដងញញួរក៏បានបាក់ ដូច្នេះខ្ញុំក៏បានប្តឹងអ្នកថា ជាអ្នកធ្វើឲ្យបាក់ដងញញួររបស់ខ្ញុំ»។
ពិធីព័ត៌មានអ្នកនាង Ashlee Banks «ជាក់ស្តែងមានន័យថា វាមិនសមហេតុសមផលនោះឡើយ។ មួយវិញទៀត តើអ្នកយល់ថាសហរដ្ឋអាមេរិកគឺជាអ្នកទទួលខុសត្រូវមួយផ្នែកដែរ ឬទេ ចំពោះការកើតមានឡើងនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានសម្លាប់ជីវិតប្រជាជនស្លូតត្រង់ជាងពីរលាននាក់ នៅជំរុំពលកម្មដែលគេស្គាល់ថា ជាវាលពិឃាតនោះ?» លោក Robert Freeman អះអាងថា «របបខ្មែរក្រហមប្រហែលជាពុំអាចកើតមានឡើងនោះទេ បើសិនជាមិនមែនដោយសារតែសហរដ្ឋអាមេរិក»។
លោកប្រធានាធិបតី Richard Nixon បានឡើងកាន់អំណាចកាលពីឆ្នាំ១៩៦៩ ហើយលោកបានសន្យាថា នឹងស្វែងរកផែនការដើម្បីបញ្ចប់សង្រ្គាមនៅវៀតណាម។ ភ្លាមៗក្រោយមកលោក Nixon បានចាប់ផ្តើមទម្លាក់គ្រាប់បែកដោយខុសច្បាប់ទៅលើប្រទេសកម្ពុជា នៅតាមតំបន់ជាប់ព្រំប្រទល់ប្រទេសវៀតណាម ពីព្រោះតែរដ្ឋាភិបាលកុម្មុយនិស្តវៀតណាមបានប្រើប្រាស់កម្ពុជា ធ្វើជាកន្លែងសម្រាប់បើកការវាយប្រហារទៅលើវៀតណាមខាងត្បូង។ លោក Richard Nixon បានបន្តការទម្លាក់គ្រាប់បែកខុសច្បាប់នេះ រហូតទាល់តែវាត្រូវបានលាតត្រដាងកាលពីឆ្នាំ១៩៧៣។
នៅមុនការទម្លាក់គ្រាប់បែកនេះ ពួកខ្មែរក្រហមគ្រាន់តែជាក្រុមកុម្មុយនីស្តមួយចង្កោមតូចតែប៉ុណ្ណោះ ប៉ុន្តែពួកគេបានប្រើប្រាស់ទង្វើនេះរបស់សហរដ្ឋអាមេរិកធ្វើជាឈ្នាន់ ដើម្បីកែនសមាជិកបន្ថែមយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្នុងឆ្នាំ១៩៧៣ នៅពេលដែលសហរដ្ឋអាមេរិកបានចាកចេញពីវៀតណាម ពួកខ្មែរក្រហមមានគ្នីគ្នាមិនក្រោម ១០០,០០០នាក់នោះទេ ហើយដល់ឆ្នាំ១៩៧៥ ពួកគេក៏បានផ្តួលរំលំរបបដឹកនាំលោក លន់ ណុល ដែលជាអាយ៉ងរបស់អាមេរិក និងចាប់ផ្តើមការអនុវត្តន៍នូវអ្វីដូចដែលអ្នកបានរៀបរាប់គឺ «របបវាលពិឃាត»។
ពួកគេបានដើរប្រមូលជនទាំងឡាយ ដែលទទួលឥទ្ធិពលគ្រប់ប្រភេទពីប្រទេសលោកខាងលិច រួមមានអ្នកប្រាជ្ញ គ្រូបង្រៀន វេជ្ជបណ្ឌិត និងវិស្វករជាដើម ហើយបញ្ជូនពួកគេចេញពីទីក្រុងទៅកាន់ទីជនបទ ដែលជាវាលពិឃាតរួចកម្ចាត់ចោល។ យោងតាមទិន្នន័យពីរបាយការណ៍របស់អង្គការសហប្រជាជាតិ ពួកខ្មែរក្រហមបានសម្លាប់ជីវិតមនុស្សប្រមាណពីរលាននាក់ ដែលគឺជារបបប្រល័យពូជសាសន៍ដ៏ធំជាងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្តសម័យទំនើប ហើយប្រាកដណាស់សហរដ្ឋអាមេរិកមានការពាក់ព័ន្ធដោយផ្ទាល់៕
សូមស្តាប់កិច្ចសម្ភាសន៍រវាងពិធីព័ត៌មានអ្នកនាង Ashlee Banks ជាមួយលោក Robert Freeman: