(មូស្គូ)៖ ហេតុការណ៍ផ្ទុះដ៏ខ្លាំងមួយបានកើតឡើងនៅថ្ងៃចន្ទនេះ នៅឯស្ថានីយរថភ្លើងក្រោមដីមួយកន្លែង ស្ថិតនៅក្នុងទីក្រុង Saint-Petersbourg នៃប្រទេសរុស្ស៊ី ខណៈបើតាមសេចក្ដីរាយការណ៍បឋម ពីបណ្ដាសារព័ត៌មាននៅក្នុងស្រុក មានមនុស្សយ៉ាងហោចណាស់១០នាក់ បានស្លាប់និងជាង៥០នាក់ផ្សេងទៀត បានរងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅមុននេះបន្តិចនាយប់ថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។
ក៏ប៉ុន្តែយ៉ាងណាក៏ដោយភ្លាមនោះដែរ ពុំទាន់មានសេចក្ដីរាយការណ៍ណាមួយ បញ្ជាក់ពីមូលហេតុផ្ទុះនេះនៅឡើយទេ រីឯរថយន្ដសង្រ្គោះបន្ទាន់ ជាច្រើនគ្រឿង កំពុងស្ថិតនៅកន្លែងកើតហេតុ ហើយស្ថានីយរថភ្លើងក្រោមដីចំនួន០៣ កន្លែងត្រូវបិទដំណើរជាបណ្ដោះអាសន្ន៕