(ហ្សាការតា)៖ នាចុងសប្តាហ៍នេះអាជ្ញាធរឥណ្ឌូណេស៊ី ទើបតែបានកម្ទេចចោលទូកនេសាទចំនួន ៨១គ្រឿង ភាគច្រើនជារបស់បរទេស ដែលរឹបអូសបាននៅពេលលួចធ្វើការនេសាទខុសច្បាប់ នៅក្នុងដែនទឹកនៃ ប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ ហើយបើគិតចាប់តាំងតែពីពេលនៃការបើកយុទ្ធនាការប្រឆាំង ការនេសាទត្រីខុសច្បាប់ របស់ប្រធាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ក្នុងឆ្នាំ២០១៤មក ទូកនេសាទមានចំនួនមិនតិចជាង ៣០០គ្រឿងនោះឡើយត្រូវបានបំផ្លាញចោល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។
ឥណ្ឌូណេស៊ីគឺជាប្រទេសមានតំបន់នេសាទ ដែលសម្បូរទៅដោយធនធានជាច្រើនកន្លែង ប៉ុន្តែអាជ្ញាធរបានជួបប្រទះបញ្ហាលំបាក ក្នុងការទប់ស្កាត់ទូកនេសាទ ដែលភាគច្រើនមកពីប្រទេសអាស៊ីជិតខាង កុំឲ្យរុលចូលមកក្នុងដែនសមុទ្រជុំវិញប្រជុំកោះដ៏ធំល្វឹងល្វើយរបស់ខ្លួន។ រដ្ឋមន្រ្តីកិច្ចការដែនសមុទ្រ និងនេសាទឥណ្ឌូណេស៊ីលោកស្រី Susi Pudjiastuti បានថ្លែងការកម្ទេចទូកនេសាទនេះ នឹងអាចធ្វើជាគំរូសម្រាប់ឲ្យអ្នកដែលមានបំណងមកធ្វើការនេសាទខុសច្បាប់ នៅក្នុងច្បាប់នៅក្នុងដែនសមុទ្រឥណ្ឌូណេស៊ី មានការញញើតកោតក្រែង លែងហ៊ានប្រព្រឹត្តទង្វើនេះទៀត។
គោលការណ៍ដ៏តឹងរ៉ឹងលើបញ្ហានេសាទខុសច្បាប់នេះ ធ្លាប់បានបង្កភាពតានតឹងអស់មួយរយៈជាមួយនឹងប្រទេសជិតខាងដទៃៗទៀត។ តួយ៉ាងកាលពីឆ្នាំនាវាល្បាតដែនសមុទ្រមួយគ្រឿង របស់ប្រទេសចិនបានចូលមកលូកដៃ នៅពេលដែលអាជ្ញាធរឥណ្ឌូណេស៊ីបានព្យាយាមរឹបអូសទូកនេសាទមួយគ្រឿងចិនមួយគ្រឿង ដោយសារបានចូលមកធ្វើការនេសាទខុសច្បាប់ក្នុងដែនទឹក ក្បែរតំបន់សមុទ្រចិនខាងត្បូងដែលមានជម្លោះ។
គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៤ ឥណ្ឌូណេស៊ីបានធ្វើការប៉ាន់ប្រមាណថា ការនេសាទខុសច្បាប់ បានធ្វើប្រទេសមួយនេះខាតបង់ថវិកាចំនួន ៧.៥៨ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ហើយចាប់តាំងពីពេលនោះមក រដ្ឋាភិបាលទីក្រុងហ្សាការតាបានកម្ទេចទូកនេសាទខុសច្បាប់អស់ចំនួន៣១៧គ្រឿង ដែលភាគច្រើនមកពីប្រទេសជិតខាងរួមមាន ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម៕