(កាត់ម៉ាន់ឌូ)៖ ប្រទេសនេប៉ាល់បានសម្រេចបិទទ្វារ អាកាសយានដ្ឋានអន្តរជាតិរបស់ខ្លួនអស់រយៈពេល ប្រមាណ ៣០នាទីនៅថ្ងៃចន្ទនេះបន្ទាប់ពីសត្វខ្លារខិនមួយក្បាល ត្រូវបានគេប្រទះឃើញ នៅក្បែរផ្លូវហោះហើរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។
អ្នកនាំពាក្យអាកាសយានដ្ឋានខាងលើ នៅក្នុងរដ្ឋធានីកាត់ម៉ាន់ឌូបានឲ្យដឹងថា មន្រ្តីគ្រប់គ្រងសន្តិសុខសត្វព្រៃ កំពុងតែតាមស្វែងរកសត្វសាហាវមួយក្បាលនេះ ដែលត្រូវគេជឿជាក់ថាកំពុងសំងំលាក់ខ្លួន នៅក្រោយពេលវាត្រូវបានប្រទះឃើញដោយអាកាសយាននិកម្នាក់។ លោក Prem Nath Thakur បានបន្តប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងបានបិទទ្វារព្រលានយន្តហោះអស់រយៈពេលប្រមាណ ៣០នាទី ភ្លាមៗបន្ទាប់ពីហេតុការណ៍នេះត្រូវបានគេរាយការណ៍ ប៉ុន្តែខណៈពេលនេះយើងពុំទាន់បានរកឃើញសត្វខ្លារខិនមួយក្បាលនោះនៅឡើយទេ»។
គួរបញ្ជាក់ថាទីក្រុងកាត់ម៉ាន់ឌូ មានទីតាំងភូមិសាស្រ្តស្ថិតនៅក្បែរជើងភ្នំជាច្រើន ដែលសម្បូរទៅដោយព្រៃឈើ ជាហេតុបណ្តាលឲ្យពេលខ្លះសត្វខ្លារខិនមួយចំនួនបានចូលមកកាន់ទីក្រុងនេះ៕