(សេអ៊ូល)៖ កូរ៉េខាងជើងបានឲ្យដឹងនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលរបស់ខ្លួនកំពុងរៀបចំគំរោង ដើម្បីអបអរសាទរទិវាគម្រប់ខួបសំខាន់ៗចំនួនពីរ ដែលនឹងប្រព្រឹត្តទៅក្នុងខែមេសានេះរួមមានទាំង ថ្ងៃខួបកំណើតរបស់បិតាស្ថាបនិក របស់របបដឹកនាំទីក្រុងព្យុងយ៉ាងលោក គីម អ៊ីលស៊ុង ផងដែរ នៅក្នុងទម្រង់ជាព្រឹត្តិការណ៍នយោបាយដ៏ធំ និងគគ្រិកគគ្រេងជាទីបំផុតដែលប្រការនេះបានបង្ហាញតំរុញថា នឹងមានការធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំជាក់ជាមិនខាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun ទិវាដ៏សំខាន់នោះរួមមាន ថ្ងៃគំរប់ខួបលើកទី១០៥នៃថ្ងៃកំណើតរបស់លោក គីម អ៊ីលស៊ុង នៅថ្ងៃទី១៥ ខែមេសា និងថ្ងៃគម្រប់ខួប៨៥ឆ្នាំនៃការបង្កើតកងទ័ពកូរ៉េខាងជើងនៅថ្ងៃទី២៥ ខែមេសា។ កាសែត Rodong Sinmun បានចុះផ្សាយដូចច្នេះថា «ថ្ងៃឈប់សម្រាកដ៏មានន័យទាំងពីរនេះ គួរតែទទួលបានការអបអរ ក្នុងនាមជាព្រឹត្តិការណ៍នយោបាយដ៏ឱឡារឹកជាទីបំផុត ដែលអាចត្រូវបានចង់ចាំនៅក្នុងប្រវត្តិសាស្រ្តជាតិ» ។
ជាមួយគ្នានេះដែរអ្នកវិភាគជាច្រើនរូបបាននិយាយថា ដោយសារតែនាពេលកន្លងមករដ្ឋកុម្មុយនិស្តមួយនេះ ធ្លាប់បានធ្វើតេស្តក្បាលគ្រាប់នុយក្លេអ៊ែរ និងបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយនៅក្បែរៗទិវាខួបសំខាន់ៗរបស់ខ្លួននោះ វាមានលទ្ធភាពខ្ពស់ដែលថាទីក្រុងព្យុងយ៉ាងអាចនឹងបង្កសកម្មភាពបង្ករឿងផ្សេងៗនៅក្នុងខែនេះ។ បើតាមប្រភពពីរដ្ឋាភិបាលកូរ៉េខាងត្បូង កូរ៉េខាងជើងត្រូវគេជឿជាក់ថាកំពុងត្រៀមខ្លួនធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយដ៏ធំសម្បើមមួយ នៅឯព្រលានយន្តហោះ Mirim ក្នុងរដ្ឋធានីព្យុងយ៉ាង ដើម្បីព្យាយាមសំញែងអានុភាពនៃវិស័យយោធារបស់ខ្លួន នៅថ្ងៃទី២៥ ខែមេសា ដែលជាថ្ងៃកំណើតរបស់កងទ័ពកូរ៉េខាងជើង។
គួរបញ្ជាក់ថាការធ្វើព្យុហយាត្រាយោធាចុងក្រោយ និងធំជាងគេបង្អស់របស់កូរ៉េខាងជើងត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ នៅក្នុងឱកាសនៃទិវារំលឹកខួបទី៧០ នៃការបង្កើតគណបក្សពលករកូរ៉េដែលជាបក្សកាន់អំណាច។ ព្យុហយាត្រាយោធារបស់កូរ៉េខាងជើង ត្រូវបានអន្តរជាតិតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីក្រឡេកមើលទៅលើការវិវឌ្ឍន៍នៃកម្មវិធីនុយក្លេអ៊ែរ និងសព្វាវុធទំនើបថ្មីៗរបស់ប្រទេសមួយនេះ៕