(អវកាស)៖ ផ្កាយរណបស្រាវជ្រាវ MRO របស់ទីភ្នាក់ងារអវកាស NASA នាពេលនេះបានធ្វើដំណើរជុំវិញភពអង្គារ (Mars) ចំនួន៥០,០០០ជុំហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីគេហទំព័រវិទ្យាសាស្រ្ត Space.com នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៧។
កំណត់ត្រាថ្មីនេះសម្រេចបានកាលពីថ្ងៃចន្ទសប្តាហ៍មុននេះ ពោលគឺប្រហែលជា១១ឆ្នាំបន្ទាប់ពីយាន MRO បានធ្វើដំណើរទៅដល់ភពអង្គារ។ ជាមួយគ្នានោះលោក Dan Johnston នៃមន្ទីរពិសោធន៍ម៉ាស៊ីនគ្រាប់រ៉ុក្កែតរបស់អង្គការ NASA នៅទីក្រុង Pasaden ក្នុងរដ្ឋកាលីហ្វរញ៉ា និងជាប្រធានគ្រប់គ្រងគំរោង MRO បានចេញសេចក្តីថ្លែងការណ៍ថា «យានស្រាវជ្រាវ MRO គឺជាឧបករណ៍ដ៏អស្ចារ្យមួយ ដែលយើងរំពឹងថានឹងអាចបម្រើដល់កម្មវិធីរុករកនៅភពអង្គារ និងការសិក្សាវិទ្យាសាស្រ្តនៅភពក្រហមមួយនេះ សម្រាប់រយៈពេលជាច្រើនឆ្នាំតទៅមុខទៀត»។
យានស្រាវជ្រាវ MRO បាននិងកំពុងធ្វើការស្វែងរកសញ្ញាណ នៃសកម្មភាពទឹកពីអតីតកាលនៅលើភពអង្គារ និងរកមើលទីតាំងចុះចតដែលសាកសមសម្រាប់បេសកម្មគ្រឿងយន្ត និងមនុស្សនាពេលអនាគត ក៏ដូចជាសិក្សាស្វែងយល់អំពីបរិយាការស និងភូមិសាស្រ្តរបស់ភពអង្គារ ព្រមទាំងដើរតួនាទីជាអ្នកចម្លងទិន្នន័យសម្រាប់គ្រឿងយន្ត ដែលស្ថិតលើផ្ទៃភពអង្គារផ្ទាល់ រួមមានយាន Opportunity និង Curiosity ជាដើម នៅក្នុងចំណោមសកម្មភាពជាដទៃផ្សេងៗទៀត។
គួរបញ្ជាក់ថា បេសកកម្ម MRO ដែលមានតម្លៃ ៧២០លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានបាញ់បង្ហោះកាលពីខែសីហា ឆ្នាំ២០០៥ និងបានចូលទៅដល់គន្លងរបស់ភពអង្គារកាលពីខែមីនា ឆ្នាំ២០០៦។ ក្រោយមកយានស្រាវជ្រាវនេះ បានចំណាយពេលមួយចំនួនធ្វើការកំណត់គន្លងធ្វើដំណើររបស់វា នៅមុនពេលចាប់ផ្តើមប្រតិបតិ្តការផ្នែកវិទ្យាសាស្រ្តកាលពីខែវិច្ឆិកា ឆ្នាំ២០០៦៕