(អឺរ៉ុប)៖ កម្មវិធី Telegram នឹងដាក់ដំណើរការក្នុងពលឆាប់ៗនេះនូវកម្មវិធីហៅទូរស័ព្ទ ឬ Telegram Call បន្ថែមលើកម្មវិធីផ្ញើសាររបស់ខ្លួន។ ក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា Telegram Call នេះអាចទប់ស្កាត់ ការលួចស្ដាប់កិច្ចសន្ទនាតាមទូរស័ព្ទបាន ហើយជាដំបូងវានឹងអាចប្រើប្រាស់បានតែនៅតំបន់អឺរ៉ុបប៉ុណ្ណោះ។ នេះបើតាមគេហទំព័រ Telegram ចុះផ្សាយព័ត៌មាន ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។
យោងតាម Telegram កម្មវិធី Telegram Call មានកំណែប្រែ ឬ Version 3.18 នឹងត្រូវដាក់ឱ្យទាញយកនៅលើទូរស័ព្ទដៃស្មាតហ្វូនប្រភេទ Android និង iOS នៅអឺរ៉ុបមុនគេ ក្នុងពេលឆាប់ៗនេះ។ ជាងនេះទៅទៀត Telegram ក៏នឹងធ្វើការកែសម្រួលផងដែរ នូវសំឡេងរោទ៍ពេលមានផ្ញើសារចេញ និងទទួល, ការហៅទូរស័ព្ទចេញជាសម្លេង, ការបញ្ជាក់លេខទូរស័ព្ទនៅលើអេក្រង់ទូរស័ព្ទជាដើម។
គួរបញ្ជាក់ថាការប្រើប្រាស់ Telegram Call អាចនឹងមានសុវត្ថិភាពជាងមុន ក្នុងការទំនាក់ទំនងគ្នា ត្បិតវាអាចធានាបាននូវសន្តិសុខ នៃដៃគូសន្ទនារបស់យើង។ ជាក់ស្ដែងនៅពេលយើងប្រើប្រាស់ Telegram Call ហៅទៅកាន់ដៃគូម្ខាងទៀត នោះវានឹងបញ្ជាក់ប្រាប់យើងពីសុវត្ថិភាព ក្នុងការនិយាយទូរស័ព្ទ ដើម្បីជៀសវាងការលួចស្ដាប់ តាមរយៈការប្រៀបធៀបរូបភាព Emojis ពោលគឺបើរូបភាព Emojis ទំាងបួននៅលើកញ្ចក់ទូរស័ព្ទដូចគ្នាទំាងអស់ នោះវាបង្ហាញថាគ្មានបញ្ហាអ្វីនោះទេ ក្នុងការសន្ទនាគ្នា៕