(សេអ៊ូល)៖ សម្ព័ន្ធមិត្តទាំងបី​កូរ៉េខាងត្បូង-ជប៉ុន-អាមេរិក បាននិងកំពុងធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា​ មួយនៅថ្ងៃចន្ទនេះ ដើម្បី​សំដៅ​ទប់​ទល់​​ការ​​គំរាមកំហែងដោយគ្រាប់មីស៊ីល ពីសំណាក់នាវាមុជទឹក របស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។

ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បានឲ្យដឹងថា សមយុទ្ធរយៈពេល​បីថ្ងៃខាងលើ​នេះ បានចាប់ផ្តើម​នៅសមុទ្រភាគខាងត្បូង​​ នៃ​ប្រទេស​កូ​រ៉េ​ខាង​ត្បូង ដែល​ស្ថិត​នៅ​​ក្បែរ​ប្រទេស​​ជប៉ុន ហើយ​វាមានការ​ចូលរួមពីសំណាក់​ពលទាហាន​ចំនួន៨០០នាក់ ព្រមទាំង​​នាវា​ពិឃាត និង​ឧទ្ធម្ភាគ​ចក្រ​ជាច្រើនគ្រឿង​បំពាក់ដោយ​សព្វាវុធ​ទំនើបៗ​​សម្រាប់​ប្រឆាំង​​នឹងនាវាមុជទឹក។ សមយុទ្ធយោធា​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពីប្រធានា​ធិបតី​អាមេរិក ​លោក ដូណាល់ ត្រាំ បានព្រមានថា សហរដ្ឋអាមេរិក​ បានរៀបចំខ្លួន​រួចជាស្រេចក្នុង​ការប្រើ​វិធានការ​ជាឯកតោភាគី ​ដើម្បី​ចាត់​ការទៅលើ​កម្មវិធីនុយក្លេអ៊ែរ​របស់ទីក្រុង​ព្យុងយ៉ាង ប្រសិនណា​ចិនបញ្ជាក់ថា​ ពុំមានឆន្ទៈជួយដោះស្រាយ​បញ្ហានេះទេ​នោះ។​

គួរបញ្ជាក់ថា​យោងតាមក្រសួង​ដដែលខាងលើ ការហ្វឹកហាត់​សមត្ថភាពយោធា​តាមផ្លូវទឹក​លើកនេះ គឺដើម្បីធានា​ឲ្យបាន​នូវការ​ឆ្លើយតប​ប្រកប​ដោយប្រសិទ្ធភាព ចំពោះការគំរាម​កំហែង​នានា ពីសំណាក់នាវា​មុជទឹក​របស់កូរ៉េខាងជើង រួមមានទាំង​មីស៊ីលផ្លោង​បាញ់ចេញពី​ក្នុង​ទឹក SLBM ហើយសមយុទ្ធនេះ​ក៏ត្រូវបានធ្វើឡើង​ដើម្បីបង្ហាញ ពីការប្តេជ្ញា​យ៉ាងមុតមាំ​របស់ប្រទេស​ទាំងបីផងដែរ៕