(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនបាន និងកំពុងជំរុញឱ្យប្រជាជនរបស់ខ្លួន ផ្លាស់ប្ដូរទីលំនៅទៅរស់នៅតាមតំបន់កោះដាច់ស្រយាលនៅទូទាំងប្រទេស ខណៈជប៉ុនកំពុងមានជម្លោះដែនទឹកនៅឯ តំបន់សមុទ្រចិនខាងកើតស្របជាមួយនឹងទឹកដីប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។
ជាមួយគ្នានឹងការជំរុញនេះដែររដ្ឋាភិបាលទីក្រុងតូក្យូបានធានាថា នឹងបង្កើនជំនួយរដ្ឋាភិបាល ដើម្បីជួយដល់សហគមន៍នៅលើកោះចំនួន៧១ តាមរយៈការសាងសង់លំនៅដ្ឋានថ្មី និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ ហើយថាជំនួយជាថវិកាទំាងនេះ ក៏នឹងមានជាប់ពាក់ព័ន្ធផងដែរ នឹងការសាងសង់ក៏ដូចជាការបង្កើតប្រព័ន្ធរោងចក្រ និងកំពង់ផែឯកជន។
គួរបញ្ជាក់ថាប្រទេសជប៉ុនបានប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងខ្លាំង នៃចំនួនប្រជាជនរស់នៅតាមតំបន់កោះដាច់ស្រយាល អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ក៏ព្រោះតែប្រជាជនមានការពេញចិត្តនឹងការរស់នៅតំបន់ប្រជុំជន ហើយពួកគេមានការភ័យខ្លាចក្នុងការរស់នៅតំបន់កោះដាច់ស្រយាល ដែលមានការខ្វះខាត និងអសន្តិសុខ៕