(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីលោក Tayyip Erdogan នាពេលថ្មីៗនេះថ្លែងថា ប្រទេសរបស់លោកគ្មានថ្ងៃនឹងអាច ចូលជាសមាជិកនៃសហភាពអឺរ៉ុប (EU) បាននោះឡើយ ពីព្រោះតែវាពុំមែនជាប្រទេសកាន់សាសនាគ្រិស្ត ដែលមានន័យថាបណ្តាប្រទេសអឺរ៉ុបទាំងអស់គឺជាក្រុមប្រកាន់បក្ខពួក។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅមុននេះបន្តិច នាព្រឹកថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។
នៅក្នុងការជួបជុំមួយរបស់អ្នកគាំទ្ររូបលោក លោកប្រធានាធិបតីតួកគីបានអះអាងថា ជំនួបរវាងបណ្តាអ្នកតំណាង EU ជាមួយសម្តេចប៉ាប ដែលបានប្រព្រឹត្តទៅកាលពីខែមីនាកន្លងទៅ គឺជាភស្តុតាងយ៉ាងជាក់ច្បាស់បង្ហាញថា សហភាពមួយ តាមពិតទៅមានមូលដ្ឋានជាអង្គការដែលប្រមូលផ្តុំដោយអ្នកកាន់សាសនាគ្រិស្តសុទ្ធសាធ។
លោក Erdogan បានថ្លែងដូច្នេះថា «មេដឹកនាំទាំងអស់នៃបណ្តាប្រទេសជាសមាជិក EU បានធ្វើដំណើរទៅកាន់បុរីវ៉ាទីកង់ ហើយបានស្តាប់តាមការបង្គាប់បញ្ជារបស់សម្តេចប៉ាបយ៉ាងខ្ជាប់ខ្ជួន។ តើនាពេលនេះអ្នកយល់ច្បាស់ហើយឬនៅថា ហេតុអ្វីបានជាពួកគេតែងតែស្ទាក់ស្ទើរមិនព្រមទទួលយកតួកគីជាសមាជិកនៃសហភាពអឺរ៉ុបអស់រយៈពេល ៥៤ឆ្នាំមកនេះ? ស្ថានភាពបានបង្ហាញយ៉ាងច្បាស់ៗថា វាគឺជាសម្ព័ន្ធភាពនៃសាសនាគ្រិស្ត»។
គួរបញ្ជាក់ថាតួកគីបានព្យាយាមចូលទៅក្នុង EU ចាប់តាំងពីការប្រគល់សំណុំបែបបទរបស់ខ្លួនសម្រាប់សមាជិកភាពកាលពីឆ្នាំ១៩៨៧ មកម្ល៉េះ ប៉ុន្តែកិច្ចចរចាជាច្រើនត្រូវបានពន្យាពេលជាច្រើនលើកច្រើនសា ដោយសារការព្រួយបារម្ភអំពីសិទ្ធិមនុស្ស និងការខ្វែងគំនិតគ្នាជុំវិញបញ្ហាជាច្រើនផ្សេងៗទៀត។ ម៉្យាងវិញទៀតនៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ ភាពតានតឹងរវាងតួកគី និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនបានកើនឡើងយ៉ាងក្តៅគគុករហូតផ្ទុះជាជម្លោះការទូតថែមទៀតផង ដោយសារតែរឿងបោះឆ្នោតប្រជាមតិ ដើម្បីធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ ដែលនឹងពង្រីកវិសាលភាពអំណាចរបស់ប្រធានាធិបតីតួកគី៕