(បូកូតា)៖ ប្រធានាធិបតីកូឡុំប៊ី លោក Juan Manuel Santos បានឲ្យដឹងថាចំនួនអ្នកស្លាប់ នៅក្នុងហេតុការណ៍រអិលបាក់ដី និងទឹកជំនន់នៅឯទីក្រុង Mocoa នៃខេត្ត Putumayo ស្ថិតភាគនិរតីប្រទេសកូឡុំប៊ីបានកើនឡើងដល់២៥៤នាក់ ក្នុងនោះរួមមានទាំងកុមារ ៤៣នាក់ផងដែរ រីឯមនុស្សរាប់រយនាក់បានបាត់ខ្លួន និងរងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។
ភ្លៀងធ្លាក់ជាប់គ្នាឥតឈប់ឈរអស់ជាច្រើនម៉ោង បានធ្វើបណ្តាលឲ្យទន្លេជាច្រើនខ្សែជន់លិច ហើយបង្កជាទឹកជំនន់បំផ្លិចបំផ្លាញលំនៅដ្ឋានប្រជាជន ជាមួយភក់ល្បាប់នៅក្នុងខេត្ត Putumayo។ ជាមួយគ្នានោះដែរអាជ្ញាកូឡុំប៊ីបានអះអាងថា ពួកគេនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីជួយដល់ជនរងគ្រោះ ក៏ដូចជាតាមរកអ្នកបាត់ខ្លួន ស្របពេលចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា អាចនឹងបន្តកើនឡើងដល់ ៣០០នាក់ ពោលគឺរហូតមកទល់នឹងពេលនេះមនុស្សជិត ២០០នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួននៅឡើយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅក្នុងស្រុក។
គួរបញ្ជាក់ថាបើតាមទីភ្នាក់ងារឧតុនិយមជាតិកូឡុំប៊ី ខែមីនាកន្លងទៅនេះគឺជាខែដែលមានភ្លៀងធ្លាក់ច្រើនជោគជាំជាងគេបង្អស់នៅកូឡុំប៊ី គិតចាប់តាំងពីឆ្នាំ២០១១មក៕