(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាជាន់ខ្ពស់សេតវិមាន លោក ហ្សារ៉ែត ឃូស្នើ ដែលត្រូវជាកូនប្រសារប្រុស របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងបំពេញដំណើរទស្សនកិច្ចនៅឯអ៊ីរ៉ាក់ ជាមួយប្រធានសេនាធិការយោធាអាមេរិក លោកឧត្ដមសេនីយ៍ Joseph Dunford។ នេះបើតាម មន្ត្រីជាន់ខ្ពស់សេតវិមានដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។
មន្ត្រីខាងលើដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ បានឱ្យដឹងនៅថ្ងៃអាទិត្យថា លោក ឃូស្នើ បំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុង បាកដាដ ដោយសារតែលោកផ្ទាល់ចង់ឃើញប្រទេសអ៊ីរ៉ាក់ ព្រមទំាងចង់បង្ហាញការគាំទ្ររបស់លោកដល់កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ ក្នុងការធ្វើសង្រ្គាម ដណ្ដើមយកទីក្រុងម៉ូស៊ូលពីពួក ISIS មកវិញ។
គួររំលឹកថាគ្រាន់តែស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកភ្លាម កាលពីថ្ងៃទី២០ ខែមករា លោក ដូណាល់ ត្រាំ បានសន្យាថានឹងដាក់ចេញនូវយុទ្ធសាស្ត្រថ្មី ដើម្បីវាយកម្ទេចក្រុម ISIS នៅស៊ីរី និងអ៊ីរ៉ាក់ ហើយតាមរយៈការសន្យានេះឯងទើបប្រធានាធិបតីអាមេរិករូបនេះ បានបង្ហាញពីទំនោរចង់សហការជាមួយរុស្ស៊ី ពោលគឺធ្វើយ៉ាងណាឱ្យតែកម្ទេចក្រុមភេរវករនេះបាន រឿងអ្វីៗចាំជជែកគ្នានៅពេលក្រោយ បើទោះជាសម្ព័ន្ធមិត្តលោកខាងលិចរបស់វ៉ាស៊ីនតោន មិនពេញចិត្តចំពោះទំនាក់ទំនងអាមេរិក-រុស្ស៊ីក៏ដោយ៕