(រុស្ស៊ី)៖ ភ្នំភ្លើងចំនួនពីរស្ថិតនៅតំបន់ឧបទ្វីប Kamchatka Peninsula ភាគឦសានប្រទេសរុស្ស៊ី បានផ្ទុះឡើង និងបន្តជះកម្អែលផេះឡើងលើផ្ទៃមេឃកម្ពស់ជាង ៧គីឡូម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ ដែលបាតុភូតនេះបានបង្កឡើង ដោយសារតែគ្រោះរញ្ជួយដីវាយលុកនៅតំបន់ដែលមានមនុស្សរស់នៅតិចតួចបំផុតនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី RT នាព្រឹកថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។
ភ្នំភ្លើងទាំងពីរខាងលើនេះមានឈ្មោះថា Kambalny និង Kluchevskoy ដែល Kambalny មានកម្ពស់ ២,១៥៦ម៉ែត្រស្ថិតនៅចុងភាគខាងត្បូងនៃឧបទ្វីប Kamchatka ដែលការផ្ទុះនេះគឺជាលើកទីមួយហើយ ក្នុងរយៈពេល ២៥០ឆ្នាំមកនេះ។ សម្រាប់កម្អែលផេះរបស់វា បានរសាត់អណ្តែតក្នុងចម្ងាយជាង ១០០គីឡូម៉ែត្រទៅកាន់តំបន់មហាសមុទ្រប៉ាស៊ីហ្វិក។
គួរបញ្ជាក់ថាកាលពីសប្តាហ៍មុននេះ តំបន់ឧបទ្វីភាគឦសានប្រទេសរុស្ស៊ីខាងលើ បានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ និងនៅថ្ងៃចន្ទនេះ វាបានបង្កជារំញ័រ ៤.៥រ៉ិចទ័របន្ថែមទៀត ដែលជាហេតុបង្កឲ្យភ្នំភ្លើងខាងលើនេះបន្តសកម្មភាពជះកម្អែលទៅមុខទៀត។ ពុំមានសេចក្តីរាយការណ៍អំពីមនុស្សណាម្នាក់រងគ្រោះ និងការខូចខាតនៅឡើយទេមកដល់នឹងពេលនេះ៕