(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមាននៅក្នុងកិចសម្ភាសន៍មួយ ចេញផ្សាយនៅថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក ត្រៀមខ្លួនរួចជាស្រេចក្នុងការចាត់វិធានការជាលក្ខណៈ ឯកតោភាគី ដើម្បីដោះស្រាយបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង បើសិនជាចិនមិនរវីរវល់ទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Financial Times of London លោក ដូណាល់ តាំ្រ បានលើកឡើងដូច្នេះថា «ល្អណាស់! បើសិនជាចិនមិនចង់ដោះស្រាយរឿងកូរ៉េខាងជើងយើងនឹងធ្វើវាជំនួសចិន។ នេះគឺជាអ្វីដែលខ្ញុំចង់ប្រាប់អ្នករាល់គ្នា (...) ចិនមានឥទ្ធិពលយ៉ាងខ្លាំងលើកូរ៉េខាងជើង ហើយចិននឹងសម្រេចចិត្តថាគួរ ឬមិនគួរជួយយើងដោះស្រាយជាមួយកូរ៉េខាងជើង។ ដូច្នេះបើសិនជាពួកគេសម្រេចចិត្តថាជួយ នោះវាជារឿងល្អសម្រាប់ចិនខ្លួនឯង ក៏ប៉ុន្តែបើសិនជាពួកគេមិនព្រមជួយយើង នោះនឹងគ្មានរឿងល្អសម្រាប់នរណាម្នាក់នោះឡើយ»។
ទោះបីយ៉ាងណាក៏ដោយចិនក៏ធ្លាប់បានបញ្ជាក់ដែរថា កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង គឺជារឿងរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងជើង។ ម្យ៉ាងវិញទៀតបើតាមទីក្រុងប៉េកាំង កូរ៉េខាងជើងចេះតែធ្វើសកម្មភាពបង្ករឿងក៏ដោយសារតែសមយុទ្ធយោធារួមគ្នាជារៀងរាល់ឆ្នាំ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែរ។
គួរបញ្ជាក់ថាការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងលោកត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ សប្ដាហ៍នេះ (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក) នៅឯរមណីយដ្ឋាន Mar-a-Lago ក្នុងរដ្ឋ Florida៕