(បូកូតា)៖ អាជ្ញាធរកូឡុំប៊ីបានឲ្យដឹងថាចំនួនអ្នកស្លាប់ នៅក្នុងហេតុការណ៍រអិលបាក់ដី នៅឯទីក្រុង ​Mocoa នៃខេត្ត Putumayo ស្ថិតភាគ​និរតី​ប្រទេស​កូឡុំប៊ី បានកើនឡើងដល់២៥៤នាក់ហើយ ខណៈមនុស្សរាប់រយនាក់ បានបាត់ខ្លួននិងរងរបួស រីឯផ្ទះជាច្រើនខ្នងត្រូវបានបំផ្លាញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០១៧។

ភ្លៀងធ្លាក់ជាប់គ្នាឥតឈប់ឈរអស់ជាច្រើនម៉ោង បានធ្វើបណ្តាលឲ្យទន្លេជាច្រើនខ្សែជន់លិច ហើយបង្កជាទឹកជំនន់បំផ្លិច​បំផ្លាញ​លំនៅ​ដ្ឋានប្រជាជនជាមួយភក់ ល្បាប់នៅក្នុងខេត្ត Putumayo។ ជាមួយគ្នានោះដែរ អាជ្ញាកូឡុំប៊ីបាននិយាយថា ពួកគេនឹងធ្វើអ្វីគ្រប់យ៉ាង ដែលពួកគេអាចធ្វើបានដើម្បីជួយដល់ជនរងគ្រោះ ក៏ដូចជាតាមរកអ្នកបាត់ខ្លួន ស្របពេលចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថាអាចនឹងបន្តកើនឡើង ពោលគឺរហូតមកទល់នឹងពេលនេះ បើតាមយោធាកកូឡុំប៊ី មនុស្ស២៥៤នាក់បានស្លាប់ របួស៤០០នាក់ និងមនុស្សជិត២០០នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួននៅឡើយ។

គួរបញ្ជាក់ថា បើតាម ទីភ្នាក់ងារឧតុនិយមជាតិកូឡុំប៊ី ខែមីនាកន្លងទៅនេះគឺជាខែដែលមានភ្លៀងធ្លាក់ច្រើន ជោគជាំជាងគេបង្អស់ នៅកូឡុំប៊ី គិត​ចាប់​តាំង​ពី​​ឆ្នាំ​២០១១មក៕