(កូឡុំប៊ី)៖ អង្គការកាកបាទក្រហមរបស់ប្រទេសកូឡុំប៊ីបានឲ្យដឹងថា ហេតុការណ៍គ្រោះរអិលបាក់ដីដ៏សាហាវបានឆក់យកជីវិតមនុស្សកើនឡើងដល់១២៧នាក់ហើយ, បាត់ខ្លួនជាង២០០នាក់ និងរងរបួសជាង៤០០នាក់ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅយប់ឆ្លងចូលថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០១៧នេះ។
ភ្លៀងធ្លាក់ជាប់គ្នាឥតឈប់ឈរអស់ជាច្រើនម៉ោង បានធ្វើបណ្តាលឲ្យទន្លេជាច្រើនជន់លិច ហើយបង្កជាទឹកជំនន់បំផ្លិចបំផ្លាញលំនៅដ្ឋាន ប្រជាជនជាមួយភក់ល្បាប់នៅក្នុងខេត្ត Putumayo។ ជាមួយគ្នានេះប្រធានាធិបតីកូឡុំប៊ីលោក Juan Manuel Santos ដែលកំពុងតែមានវត្តមាននៅតំបន់រងគ្រោះផងដែរនោះ បានថ្លែងថា កងទ័ពនិងមន្រ្តីប៉ូលិស ត្រូវបានបញ្ជូនទៅកាន់ទីនោះជាការឆ្លើយតបសង្រ្គោះបន្ទាន់ហើយ។
គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារឧតុនិយមជាតិកូឡុំប៊ី ខែមីនាកន្លងទៅនេះគឺជាខែដែលមានភៀងធ្លាក់ច្រើនជោគជាំជាងគេបង្អស់ប្រចាំប្រទេសអាមេរិកឡាទីនមួយនេះ គិតចាប់តាំងពីឆ្នាំ២០១១មក៕