(បូកូតា)៖ អង្គការកាកបាទក្រហមបានឲ្យដឹងថា ហេតុការណ៍រអិលបាក់ដីបានឆក់យកជីវិតមនុស្សយ៉ាងតិចចំនួន៩២នាក់ នៅភាគនិរតីនៃប្រទេសកូឡុំប៊ី ខណៈមនុស្សមិនក្រោម២០០នាក់ទៀតនោះឡើយ ត្រូវគេរាយការណ៍ថាបានទទួលរងរបួសយ៉ាងដំណំ ហើយមួយចំនួនផ្សេងបានបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅយប់ថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០១៧។
ភ្លៀងធ្លាក់ជាប់គ្នាឥតឈប់ឈរអស់ជាច្រើនម៉ោង បានធ្វើបណ្តាលឲ្យទន្លេជាច្រើនខ្សែជន់លិច ហើយបង្កជាទឹកជំនន់បំផ្លិចបំផ្លាញលំនៅឋានប្រជាជនជាមួយភក់ល្បាប់នៅក្នុងខេត្ត Putumayo។ ជាមួយគ្នានេះប្រធានាធិបតីកូឡុំប៊ីលោក Juan Manuel Santos ដែលកំពុងតែមានវត្តមាននៅតំបន់រងគ្រោះផងដែរនោះ បានថ្លែងថាកងទ័ពនិងមន្រ្តីប៉ូលិស ត្រូវបានបញ្ជូនទៅកាន់ទីនោះជាការឆ្លើយតបសង្រ្គោះបន្ទាន់ហើយ។
គួរបញ្ជាក់ថាយោងតាម ទីភ្នាក់ងារឧតុនិយមជាតិកូឡុំប៊ី ខែមីនាកន្លងទៅនេះគឺជាខែដែលមានភៀងធ្លាក់ច្រើនជោគជាំជាងគេបង្អស់ប្រចាំប្រទេសអាមេរិកឡាទីនមួយនេះ គិតចាប់តាំងពីឆ្នាំ២០១១មក៕