(ទីក្រុងឡុងដ៍)៖ មនុស្សសរុបចំនួន១២នាក់ ដែលត្រូវបានចាប់ខ្លួនជុំវិញករណីវាយប្រហារភេរវកម្មកាលពីថ្ងៃទី២២ ខែមីនាកន្លងទៅ នៅក្បែរ​សភា​នៃចក្រភពអង់គ្លេស និងបានបណ្តាលឲ្យមនុស្សប្រាំនាក់បាត់បង់ជីវិតនោះ នាពេលនេះត្រូវបានដោះលែងឲ្យមានសេរីភាពវិញ​ហើយ​ដោយ​ពុំមានការប្តឹងផ្តល់ឬចោទប្រកាន់អ្វីទាំងអស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០១៧។

ប៉ូលិសប្រចាំទីក្រុងឡុងដ៍បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ជនទាំងឡាយដែលត្រូវបានចាប់ឃាត់ខ្លួន ដោយសង្ស័យ​ថា​អាច​មាន​ជាប់ពាក់ព័ន្ធក្នុង​ការ​រៀប​គំរោងការណ៍ ​វាយប្រហារ​ដោយអំពើភេរវកម្មនៅលើស្ពាន Westminter ដែល​ស្ថិត​នៅ​ចំ​កណ្តាល​បេះដូងនៃ​ទីក្រុងឡុងដ៍ កាលពីថ្ងៃពុធ ទី២២ ខែមីនាកន្លងទៅនោះ ឥឡូវ​នេះត្រូវបានដោះលែងឲ្យមានសេរីភាពជាធម្មតាវិញហើយ»

គួរបញ្ជាក់ថាភេរវករឈ្មោះ Khalid Masood ដែលមានដើមកំណើតជាជនជាតិអង់គ្លេស បានបើករថយន្តក្នុងល្បឿនយ៉ាងលឿន​ឆ្លង​កាត់​ស្ពាន Westminister ដែលបានបណ្តាលឲ្យអ្នកថ្មើរជើងបីនាក់​បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និងបានបង្ករបួស​ជាទម្ងន់ដល់មនុស្សជា​ច្រើននាក់បន្ថែមទៀត នៅមុនពេលដែលរូបខ្លួនរត់ចូលទៅក្នុងសភាអង់គ្លេស​និងបានចាក់សម្លាប់​មន្រ្តីប៉ូលិសម្នាក់ ហើយភ្លាមៗក្រោយមក​ក៏ត្រូវបានក្រុមប៉ូលិសបាញ់សម្លាប់ចោលតែម្តងទៅ ខណៈជនរងគ្រោះម្នាក់ទៀត​បានស្លាបក្នុងមន្ទីរពេទ្យ នៅប៉ុន្មានថ្ងៃក្រោយ។ ម៉្យាង​វិញ​ទៀតនៅអំឡុងពេលកើតហេតុនាយករដ្ឋមន្រ្តី​អង់គ្លេស​លោកស្រី Theresa May ក៏មានវត្តមាននៅក្នុងវិមានសភាផងដែរ៕