(ការ៉ាកាស់)៖ នៅទីបំផុតតុលាការកំពូលវេណេស៊ុយអេឡា បានយល់ព្រមផ្លាស់ប្តូរសេចក្តីសម្រេចរបស់ខ្លួនវិញ ដែលដំបូងឡើងបានសំដៅចង់ដកអំណាចនិតីបញ្ញាត្តិចេញពីក្នុងដៃរដ្ឋសភាដែលដឹកនាំដោយគណបក្សប្រឆាំង បន្ទាប់ពីទង្វើនេះបានបង្កឲ្យកើតមានការធ្វើបាតុកម្មក៏ដូចជាការរិះគន់ធ្ងន់ៗថា ជារដ្ឋប្រហារនិងឈានទៅរករបបផ្តាច់ការ។
ការសម្រេចចិត្តថ្មីនេះត្រូវបានធ្វើឡើង នៅក្រោយពេលរដ្ឋាភិបាលលោកប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro បានអំពាវនាវយ៉ាងទទូចឲ្យតុលាការកំពូលនៃប្រទេសអាមេរិកឡាទីនមួយនេះ ធ្វើការត្រួតពិនិត្យសេចក្តីសម្រេចរបស់ខ្លួនឡើងវិញ ដើម្បីថែរក្សាស្ថិរភាពនៅក្នុងប្រទេស។ ម៉្យាងវិញទៀត
គួរបញ្ជាក់ថា មហាអំណាចមួយចំនួននៅលើសកលលោក បានធ្វើការព្រមានអំពីលទ្ធភាពនៃការកើតមានរដ្ឋប្រហារក្នុងប្រទេសវេណេស៊ុយអេឡា ខណៈដែលមានសេចក្តីរាយណ៍ថា តុលាការកំពូលប្រទេសអាមេរិកឡាទីនមួយនេះកំពុងតែបោះជំហានទៅរកការរឹបអូសអំណាចពីគណបក្សប្រឆាំងនៅក្នុងរដ្ឋសភា។
ការដំណើរការនីតិវិធីរបស់តុលាការកំពូលវេណេស៊ុយអេឡាខាងលើនេះ គឺជាចេតនាបង្កើនឥទ្ធិពលដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីបច្ចុប្បន្នលោក នីកូឡាស់ ម៉ាឌួរ៉ូ ដើម្បីពង្រឹងអំណាចឡើងវិញ ខណៈដែលមួយឆ្នាំមកនេះអំណាចត្រូវបានរាំងស្ទះដោយសារតែការប្រកួតប្រជែងជាមួយនឹង គណបក្សប្រឆាំង ស្របពេលដែលប្រទេសជាតិកំពុងតែទទួលរងនូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរផងដែរ។
បណ្តាប្រទេសជិតខាងមួយចំនួន និងមន្ត្រីរដ្ឋភិបាលអាមេរិកដែលតែងតែរិះគន់មកលើរដ្ឋាភិបាលរបស់ វេណេស៊ុយអេឡា បានសម្តែងការព្រួយបារម្ភបន្ថែមទៀតទៅលើស្ថិរភាពនៅក្នុងប្រទេសសេដ្ឋីប្រេង ប្រចាំតំបន់អាមេរិកខាងត្បូងមួយនេះ ខណៈដែលវិបត្តិសេដ្ឋកិច្ចកំពុងតែបង្កឲ្យមាន ការខ្វះខាតចំណីអាហារផ្គត់ផ្គង់ ការធ្វើបាតុកម្ម និងអំពីហិង្សា ថែមទាំងបទឧក្រិដ្ឋកម្មរីកសាយភាពពាសពេញផ្ទៃប្រទេស។
សូមជំរាបថា វិបត្តិនៅក្នុងប្រទេសវេណេស៊ុយអេឡាត្រូវបានបណ្តាប្រទេសក្នុងតំបន់អាមេរិកឡាទីន ដូចជា ប្រេស៊ីល, ម៉ិចស៊ីកូ, ប៉េរូ, ឈីលី, អាហ្សង់ទីន និងសហរដ្ឋអាមេរិកមានការព្រួយបារម្ភកាន់តែខ្លាំង ពីព្រោះតែភាពស្រដៀងគ្នានឹងស្ថានការណ៍បច្ចុប្បន្ននេះ ក៏ធ្លាប់បានកើតមានផងដែរ ដែលជាហេតុធ្វើឲ្យកើតមានចេតនាបង្ករដ្ឋប្រហារចំនួនបីលើកមកហើយ គិតចាប់តាំងពីឆ្នាំ១៩៩២។ ក្រសួងការបរទេសអាមេរិកបានហៅថា អ្វីដែលតុលាការកំពូលវេណេស៊ុយអេឡាកំពុងរៀបចំធ្វើការសម្រេចនោះថាជា «ការដំណើរការលទ្ធិប្រជាធិបតេយ្យថយក្រោយ»៕