(ពិភពលោក)៖ រឿងរ៉ាវក៏ដូចជាព្រឹត្តិការណ៍សំខាន់ៗជាច្រើន បានកើតឡើងនៅជុំវិញពិភពលោកនាថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧នេះ ដោយខាងក្រោមគឺជាកម្រងរូបភាពនៃព្រឹត្តការណ៍អន្តរជាតិពិសេសៗសម្រាប់ថ្ងៃសៅរ៍នេះ៖
១៖ ខណៈកងទ័ពអ៊ីរ៉ាក់កំពុងធ្វើការរុលចូលទៅកាន់តំបន់ភាគខាងលិចនៃទីក្រុងម៉ូស៊ូល ពួកគេបានរកឃើញរោងចក្រមួយកន្លែង ដែលត្រូវបានក្រុមសកម្មប្រយុទ្ធ ISIS យកទៅប្រើប្រាស់ជាកន្លែងកែច្នៃរថយន្តបំផ្ទុះគ្រាប់បែក។
២៖ ជើងស្ពាន Fuyuanlu បានលិចទៅក្រោមទឹកស្ទើរតែទាំងស្រុង នៅលើទន្លេ Xiangjiang ក្នុងទីក្រុង Changsha នៃខេត្ត Hunan ដែលជាសញ្ញាបង្ហាញថាខេត្តភាគកណ្តាលប្រទេសចិនមួយនេះ បានឈានចូលដល់រដូវទឹកជំនន់ហើយ។
៣៖ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរយៈពេល០៥ថ្ងៃ របស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak នៅក្នុងពិធីដ៏គគ្រឹកគគ្រេងមួយ ដែលប្រព្រឹត្តទៅនៅឯវិមានប្រធានាធិបតីឥណ្ឌានាថ្ងៃសៅរ៍នេះ។
៤៖ កប៉ាលទេសចរណ៍ឈ្មោះ Azamara Quest មកពីក្រុមហ៊ុន Royal Caribbean របស់សហរដ្ឋអាមេរិក បានមកធ្វើការចូលសំចតជាលើកដំបូងបំផុត នៅឯកំពង់ផែនៃរដ្ឋធានី Havana នៃប្រទេសកូបា។
៥៖ ស្ថានភាពទឹកជំនន់ដែលបង្កឡើងដោយព្យុះស៊ីក្លូនដ៏មានឥទ្ធិពល Debbie នៅតំបន់ភាគឦសានប្រទេសអូស្រ្តាលី កាន់តែអាក្រក់ទៅៗ ខណៈស្រ្តីពីរនាក់បានបាត់បង់ជីវិត និងមនុស្សចំនួនបួននាក់ទៀតបានបាត់ខ្លួន។
៦៖ មនុស្សចំនួន៣៨នាក់បានជាប់នៅក្រោមគំនរដីល្បាប់ ដែលបានបាក់ស្រុតដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅខេត្ត East Java ភាគខាងលិចប្រទេសឥណ្ឌូណេស៊ីបង្កឡើង ហើយព្រមពេលជាមួយគ្នា អាជ្ញាធរប្រចាំតំបន់ ក៏បានចេញប្រតិបត្តិការជួយសង្រ្គោះជាបន្ទាន់ផងដែរ ទោះបីជាលទ្ធភាពនៃការនៅរស់រានមានជីវិតរបស់ពួកគេមានតិចតួចស្តួតស្តើងយ៉ាងណាក្តី។
៧៖ ប្រជាកសិករចិន កំពុងមមាញឹកក្នុងការនាំគ្នាប្រមែប្រមូលផល ស្លឹកតែបៃតងដ៏ល្បីល្បាញមានឈ្មោះថា West Lake Longjing នៅក្នុងភូមិ Meijiawu នៃទីក្រុង Hangzhou ក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន នៅមុនការឈានចូលមកដល់នៃពីធីបុណ្យប្រពៃណី Qingming ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៤ ខែមេសា៕