(ម៉ានីល)៖ ដោយមិនអាចស្ងប់ស្ងាត់នឹងពាក្យរិះគន់នានាបានទាំងក្នុងស្រុក និងក្រៅប្រទេសនោះ លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ បានធ្វើការវាយប្រហារដោយពាក្យសម្តីធ្ងន់ៗត្រឡប់ទៅវិញចំពោះក្រុមអ្នករិះគន់លោកនៅក្នុងសហភាពអឺរ៉ុប ហើយថែមទាំងអះអាងទៀតថា «លោកចង់ទះកំផ្លៀងមនុស្សទាំងនោះ» ដែលហ៊ានរិះគន់ដល់សង្គ្រាមប្រឆាំងគ្រឿងនៅប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ Channel news Asia នាល្ងាចថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០១៧។
មេដឹកនាំហ្វីលីពីនដែលកាន់តំណែងបាន៩ខែមកហើយនេះ ត្រូវបានគេមើលឃើញថា តែងតែបានរិះគន់បកវិញធ្ងន់ៗចំពោះបណ្តាប្រទេស ឬអង្គការណាក៏ដោយ ជាពិសេសអាមេរិកអង្គការសហប្រជាជាតិ និងសហគមន៍អឺរ៉ុបតែម្តង ដែលជារឿយៗបានបញ្ចេញសេចក្តីថ្លែងការណ៍ រិះគន់ បង្ហាញក្តីព្រួយបារម្ភ និងថ្កោលទោសសកម្មភាពបង្ក្រាបគ្រឿងញៀនដ៏បង្ហូរឈាម របស់របបដឹកនាំលោក ឌូតឺតេ។
ជុំវិញពាក្យរិះគន់ជាថ្មីពីបណ្តាមន្ត្រីមួយចំនួនក្នុងសហភាពអឺរ៉ុប លោក ឌូតឺតេ បានប្រកាសឆ្លើយតបយ៉ាងខ្លាំងៗទៅវិញថា «មកកាន់ទីនេះមក ហើយយើងនឹងពិភាក្សាគ្នា ព្រោះខ្ញុំចង់ទះកំផ្លៀងអ្នក»។ គួរបញ្ជាក់ថា នេះជាការផ្ទុះសង្គ្រាមសម្តីថ្មីមួយទៀតរបស់ប្រធានាធិបតីហ្វីលីពីន ឆ្លើយតបតនឹងការរិះគន់សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ដែលអង្គការសិទ្ធិមនុស្សអន្តរជាតិបានបញ្ចេញរបាយការណ៍ថា បានផ្តាច់ជីវិតមនុស្សជាង ៨,០០០នាក់ ក្នុងរយៈពេលជាង៨ខែប៉ុណ្ណោះ៕