(ហ្សាការតា)៖ មនុស្សចំនួន៣៨នាក់កំពុងជាប់នៅក្រោមគំនរដីល្បាប់ ដែលបានបាក់ស្រុតនៅខេត្ត East Java ភាគខាងលិច​ប្រទេស​ឥណ្ឌូណេស៊ីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ហើយព្រមពេលជាមួយគ្នា អាជ្ញាធរប្រចាំតំបន់ ក៏បានចេញប្រតិបត្តិការជួយសង្រ្គោះជាបន្ទាន់ផងដែរ។ នេះបើតាមសម្តីរបស់មេបញ្ជាការ យោធាក្នុងតំបន់កើតហេតុ ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិច​នា​រសៀល​ថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០១៧។

ដោយឡែកអ្នកនាំ​ពាក្យទីភ្នាក់ងារ​គ្រប់គ្រងគ្រោះមហន្ត​រាយជាតិ​ឥណ្ឌូណេស៊ី លោក Sutopo Purwo Nugroho បានឲ្យដឹងថា ហេតុការណ៍​​​រអិល​​បាក់​ដី​​ខាងលើ ដែលបង្កឡើង​ដោយសារ​តែមានភ្លៀងធ្លាក់​យ៉ាងខ្លាំងក្លានោះ បានកើតឡើងនៅជើងភ្នំមួយក្នុងភូមិ Banaran នៃស្រុក Ponorogo និងបានបំផ្លិចបំផ្លាញ​ផ្ទះសម្បែងប្រជាពលរដ្ឋ​ចន្លោះពី ២៥ទៅ៣០ខ្នង។

គួរបញ្ជាក់ថា​នាពេលនេះពលទាហាន កងកម្លាំងប៉ូលិស និងបុគ្គលិក​មកពីការិយាល័យគ្រប់គ្រងគ្រោះ​មហន្តរាយធម្មជាតិក្នុងតំបន់ រួមទាំងក្រុម​អ្នកស្ម័គ្រ​ចិត្តកំពុងធ្វើការយ៉ាង​សស្រាក់សស្រាំ ដើម្បីតាម​ស្វែងរក និងជួយសង្រ្គោះ​ជនរងគ្រោះ ខណៈផ្លូវចេញ​ចូលតំបន់កើតហេតុ​​ដ៏សែន​​លំបាក បានបង្កភាពរាំង​ស្ទះដល់ប្រតិបត្តិការ​នេះ៕