(ហាណូយ)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចារលិខិតមួយច្បាប់ផ្ញើជូន ប្រធានាធិបតីវៀតណាម លោក Tran Dai Quang ដើម្បីលើកកម្ពស់ទំនាក់ទំនងក៏ដូចជាកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាស លើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលវៀតណាម ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០១៧។
យោងតាមវែបសាយផ្លូវការរបស់រដ្ឋាភិបាលវៀតណាម លោក ដូណាល់ ត្រាំ បានផ្ញើលិខិតមួយច្បាប់ទៅកាន់លោក Tran Dai Quang ដោយបញ្ជាក់អះអាងពីចេតនារបស់លោក ក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាបញ្ហាទាំងក្នុងនិងក្រៅតំបន់។ ជាមួយគ្នានេះនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសវៀតណាមនាថ្ងៃសុក្រសប្តាហ៍នេះ លោក Quan ក៏បានសង្កត់ធ្ងន់ថា ទីក្រុងហាណូយស្វាមគមន៍ជានិច្ច ចំពោះការខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្កើតនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងគោលបំណងរក្សាសេរីភាព នៃការធ្វើនាវាចរព្រមទាំងអាកាសចរណ៍។
គួរបញ្ជាក់ថាវៀតណាម និងអាមេរិកបានបង្កើនចំណងទាក់ទង ឈានទៅរកកម្រិតថ្មីមួយនៅក្រោមរដ្ឋបាលអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៅចំពោះមុខវិវាទជាមួយចិនជុំវិញបញ្ហាតំបន់សមុទ្រចិនខាង។ ដោយឡែកលោក ដូណាល់ ត្រាំ ក៏បានបង្ហាញអំពីសង្ឃឹមរបស់លោកសម្រាប់ទំនាក់ទំនង ដែលកាន់តែរឹងមាំជាងមុនមួយនេះផងដែរ ខណៈកាលពីខែមីនាកន្លងទៅនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានថ្លែងថារូបលោកត្រៀមខ្លួនជាស្រេច ដើម្បីទៅបំពេញទស្សនកិច្ចនៅឯសហរដ្ឋអាមេរិក ដើម្បីពង្រឹងទំនាក់ទំនង ជាពិសេសវិស័យពាណិជ្ជកម្ម៕