(ការ៉ាកាស់)៖ បណ្តាស្ថាប័នកំពូលរបស់វេណេស៊ុយអេឡា បានចេញសេចក្តីអំពាវនាវឲ្យតុលាការកំពូលនៃ ប្រទេសអាមេរិកឡាទីនមួយនេះ ធ្វើការត្រួតពិនិត្យសេចក្តីសម្រេចរបស់ខ្លួនឡើងវិញនៅសប្តាហ៍នេះ ជុំវិញការតម្រូវឲ្យរារាំងរដ្ឋសភាដឹកនាំដោយគណបក្សប្រឆាំង ដែលប្រការនេះបាន និងកំពុងបង្កជាការរិះគន់ថា ជារដ្ឋប្រហារ និងឈានទៅរករបបផ្តាច់ការ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០១៧។
ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌួរ៉ូ បានចេញសេចក្តីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍ ទាំងកណ្តាលយប់ថ្ងៃសុក្រថា ជម្លោះរវាងតុលាការកំពូល និងរដ្ឋសភាជាតិបានបញ្ចប់ទៅហើយ ប៉ុន្តែលោកមិនបានបញ្ជាក់អ្វីឲ្យលម្អិតបន្ថែមពីនេះទៀតហើយ ប៉ុន្តែលោកគ្រាន់តែបានបញ្ជាក់បន្ថែមថា «យើងអំពាវនាវឲ្យតុលាការកំពូលពិនិត្យសេចក្តីសម្រេចនានាឡើងវិញ ដើម្បីធ្វើឲ្យមានតុល្យភាពអំណាច និងស្ថិរភាពនៃច្បាប់»។
គួរបញ្ជាក់ថាមហាអំណាចមួយចំនួននៅលើសកលលោក បានធ្វើការព្រមានអំពីលទ្ធភាពនៃការកើតមាន រដ្ឋប្រហារក្នុងប្រទេសវេណេស៊ុយអេឡា ខណៈដែលមានសេចក្តីរាយណ៍ថា តុលាការកំពូលប្រទេសអាមេរិកឡាទីនមួយនេះ កំពុងតែបោះជំហានទៅរកការរឹបអូសអំណាចពីគណបក្សប្រឆាំងនៅក្នុងរដ្ឋសភា។
ការដំណើរការនីតិវិធីរបស់តុលាការកំពូលវេណេស៊ុយអេឡាខាងលើនេះ គឺជាចេតនាបង្កើនឥទ្ធិពលដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីបច្ចុប្បន្នលោក នីកូឡាស់ ម៉ាឌួរ៉ូ ដើម្បីពង្រឹងអំណាចឡើងវិញ ខណៈដែលមួយឆ្នាំមកនេះអំណាចត្រូវបានរាំងស្ទះដោយសារតែការប្រកួតប្រជែងជាមួយនឹង គណបក្សប្រឆាំង ស្របពេលដែលប្រទេសជាតិកំពុងតែទទួលរងនូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរផងដែរ។
បណ្តាប្រទេសជិតខាងមួយចំនួន និងមន្ត្រីរដ្ឋភិបាលអាមេរិកដែលតែងតែរិះគន់មកលើរដ្ឋាភិបាលរបស់ វេណេស៊ុយអេឡា បានសម្តែងការព្រួយបារម្ភបន្ថែមទៀតទៅលើស្ថិរភាពនៅក្នុងប្រទេសសេដ្ឋីប្រេង ប្រចាំតំបន់អាមេរិកខាងត្បូងមួយនេះ ខណៈដែលវិបត្តិសេដ្ឋកិច្ចកំពុងតែបង្កឲ្យមាន ការខ្វះខាតចំណីអាហារផ្គត់ផ្គង់ ការធ្វើបាតុកម្ម និងអំពីហិង្សា ថែមទាំងបទឧក្រិដ្ឋកម្មរីកសាយភាពពាសពេញផ្ទៃប្រទេស។
គួរបញ្ជាក់ថាវិបត្តិនៅក្នុងប្រទេសវេណេស៊ុយអេឡាត្រូវបានបណ្តាប្រទេសក្នុងតំបន់អាមេរិកឡាទីន ដូចជា ប្រេស៊ីល, ម៉ីចស៊ីកូ, ប៉េរូ, អាហ្សង់ទីន, ឈីលី, និងសហរដ្ឋអាមេរិកមានការព្រួយបារម្ភកាន់តែខ្លាំង ពីព្រោះតែភាពស្រដៀងគ្នានឹងស្ថានការណ៍បច្ចុប្បន្ននេះ ក៏ធ្លាប់បានកើតមានផងដែរ ដែលជាហេតុធ្វើឲ្យកើតមានចេតនាបង្ករដ្ឋប្រហារចំនួនបីលើកមកហើយ គិតចាប់តាំងពីឆ្នាំ១៩៩២។ ក្រសួងការបរទេសអាមេរិកបានហៅថា អ្វីដែលតុលាការកំពូលវេណេស៊ុយអេឡាកំពុងរៀបចំធ្វើការសម្រេចនោះថាជា «ការដំណើរការលទ្ធិប្រជាធិបតេយ្យថយក្រោយ»៕