(កង់បេរ៉ា)៖ កម្ពស់ទឹកទន្លេដែលជន់លិច នៅតែបន្តកើនឡើងឥតស្រាកស្រាន្តមកទល់ថ្ងៃសោរ៍នេះ នៅក្នុងរដ្ឋចំនួនពីរនៃប្រទេសអូស្រ្តាលី ខណៈស្រ្តីពីរនាក់បានបាត់បង់ជីវិត និងមនុស្សចំនួនបួននាក់ ផ្សេងទៀតបានបាត់ខ្លួនបន្ទាប់ពីមានការធ្លាក់ភ្លៀងយ៉ាងជោគជាំ ដែលបង្កឡើងដោយព្យុះស៊ីក្លូនដ៏មាន ឥទ្ធិពលមួយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០១៧។
ប៉ូលិសរដ្ឋ Queensland ស្ថិតនៅភាគឦសានប្រទេសអូស្រ្តាលី បានព្រមានប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នថា ទន្លេ Logan ដែលហូរកាត់ក្រុង Beenleigh អាចនឹងឈានដល់កម្រិតជន់លិចខ្លាំងក្លានៅប៉ុន្មានម៉ោងក្រោយ ខណៈទីក្រុង Rockhamptop ដែលស្ថិតនៅភាគខាងជើងរដ្ឋដដែលនេះ កំពុងតែប្រឈមមុខជាមួយការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយផងដែរ។ ទីក្រុងដែលមានចំនួនប្រជាជនសរុបជាង ៨០,០០០នាក់នៅក្បែរទន្លេ Fitzroy មួយនេះ ត្រូវគេរំពឹងថានឹងទទួលរងកម្រិតកម្ពស់ទឹកជំនន់ដ៏ខ្ពស់ ដែលពុំធ្លាប់កើតមានក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ នៅថ្ងៃពុធសប្តាហ៍ក្រោយ។
ម៉្យាងវិញទៀតក្រៅពីមនុស្សស្លាប់និងបាត់ខ្លួន ប្រជាជនអូស្រ្តាលីរាប់ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួនចេញពីតាមបណ្តាក្រុងនៃរដ្ឋ Queensland និងរដ្ឋ New South Wales ស្របពេលដែលទឹកជំនន់កំពុងហូរឆ្ពោះទៅកាន់ទីក្រុង Ballina នៃរដ្ឋ New South Wales។
គួរបញ្ជាក់ថាព្យុះស៊ីក្លូនឈ្មោះថា Debbie ជាប្រភេទព្យុះកម្រិតទី៤ បានវាយប្រហារសង្រ្គប់លើតំបន់ភាគឦសាននៃប្រទេសអូស្រ្តាលី កាលពីថ្ងៃអង្គារសប្តាហ៍នេះ ជាមួយការបំផ្លិចបំផ្លាញជាច្រើន និងទឹកភ្លៀងយ៉ាងច្រើនសន្ធឹកសន្ធាប់ មុនពេលវាបានចាកចេញទៅកាន់សមុទ្រ Tasman៕