(អវកាស)៖ ការធ្វើដំណើរទៅកាន់ភពអង្គារ គឺជាក្តីស្រមៃរាប់ទសវត្សរ៍សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកតាមប្រមាញ់ព័ត៌មានស្តីពីអវកាស និងវិទ្យាសាស្ត្រ ខណៈដែលការទន្ទឹងរង់ចាំនេះនឹងក្លាយជាការពិត តាមការគ្រោងទុករបស់គំរោងអង្គការ NASA នៅឆ្នាំ២០៣០ ខាងមុខនេះ ក្រោយពីទទួលបានការគាំទ្រពេញទំហឹងពីរដ្ឋាភិបាលអាមេរិកថ្មី។ នេះបើតាមការដកស្រង់ពីវែបសាយ arstechnica នារសៀលថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០១៧។
តាមពិតការពន្យាពេលពីមួយទសវត្សរ៍ ទៅមួយទសវត្សរ៍ស្តីពីការគ្រោងនាំមនុស្សទៅស្រាវជ្រាវ និងរស់នៅលើភពអង្គារនោះ ក៏ព្រោះតែបញ្ហាបច្ចេកទេសជាគោល កត្តាធម្មជាតិរបស់មនុស្ស និងកត្តាហិរញ្ញវត្ថុ ក៏សំខាន់ខ្លាំងផងដែរ។ បន្ថែមពីនេះកិច្ចដំណើរការសំខាន់ៗ ដែលត្រូវរៀបចំឲ្យបានសម្រេច ១០០% និងប្រាកដប្រជាខ្ពស់បំផុត គឺជារឿងចាំបាច់ដែលគ្រប់គ្នាត្រូវយល់ដឹងមុននឹងមនុស្សទាំងនោះ អាចជិះយានដែលមានរយៈពេលជិតពីរឆ្នាំ ទៅកាន់ភពអង្គារបាន។
១៖ តើត្រូវជ្រើសពេលបង្ហោះយានដូចម្តេច?
ចម្ងាយពីភពអង្គារមកផែនដីនៅពេលគោចរមកកៀកគ្នាបំផុតគឺរង្វង់ ៥០លានគីឡូម៉ែត្រ និងនៅឆ្ងាយបំផុតក្នុងរង្វង់ជាង ៤០០លានគីឡូម៉ែត្រ ដូច្នេះប្រសិនបើត្រូវធ្វើការបាញ់បង្ហោះយានឆ្ពោះទៅភពអង្គារ អង្គការ NASA ត្រូវការគិតគូអំពីគន្លងគោចររបស់ភពអង្គារ ដោយជ្រើសរើសពេលវាជិតដើរមកកៀកនឹងផែនដី នោះទើបអាចចំណេញពេលបំផុត ប៉ុន្តែដោយសារតែយានមានមនុស្សជិះមានទំហំធំជាង រ៉ូបូត Curiosity និង Mars Rover នោះវាមិនអាចប្រើពេល ៧-៨ខែដើម្បីទៅដល់ភពអង្គារបាននោះឡើយ។
២៖ តើមនុស្សជិះលើយានអាចឆ្កួតទេ?
ម្យ៉ាងវិញទៀតអ្វីដែលជាក្តីកង្វល់សម្រាប់អ្នកវិទ្យាសាស្ត្រធំមួយទៀតនោះ គឺការស៊ូទ្រាំរបស់មនុស្សទាំង០៤នាក់នៅក្នុងយានអវកាស ដែលចង្អៀតរយៈពេលរហូតដល់ជិត ០២ឆ្នាំ ថាតើពួកគេអាចតស៊ូបានដោយរបៀបណា។ វេជ្ជបណ្ឌិតដែលតាមដានលើរឿងនេះធ្លាប់បានបង្ហើបថា ខួរក្បាល និងរាងកាយមនុស្ស ពិតជាពិបាកស៊ូទ្រាំក្នុងការនៅហ្នឹងមួយកន្លែង ដោយមិនចល័ត ឬនិយាយស្តី អស់រយៈកាលរាប់ឆ្នាំខ្លាំងណាស់ ហេតុដូច្នេះ NASA កំពុងតែសិក្សាអំពីវិធីដែលអាចរក្សាសតិអារម្មណ៍មនុស្ស ដែលអាចនឹងរងផលប៉ះពាល់ខ្លាំងដោយសារតែការផ្អាកដំណើរការរាប់ខែឆ្នាំ។
៣៖ ពេលទៅដល់ភពអង្គារ តើអាចត្រឡប់មកវិញទេ?
ជារឿងដែលពិបាកនឹងឆ្លើយណាស់សម្រាប់អង្គការ NASA ដោយវាមិនដូចទៅនឹងរឿងហូលីវូដ ដែលចង់ទៅណាទៅហ្នឹងបាន ស្រេចតែអ្នកនិពន្ធសរសេរនោះទេ។ បច្ចេកវិទ្យានៅឆ្នាំ២០៣០ខាងមុខនេះ គ្រាន់តែបញ្ជាក់ពីការបញ្ជូនមនុស្សទៅចុះចត និងរស់នៅស្រាវជ្រាវលើភពអង្គារ ប៉ុន្តែមិនបានបញ្ជាក់ថា ពួកគេអាចត្រឡប់មកវិញ ឬដោយវិធីណានោះឡើយ។ ដូច្នេះបេសកកម្មខាងលើនេះ អ្នកជិះនៅលើយានទាំង០៤នាក់ពិតជាដឹងច្បាស់ថា ពួកគេមិនទទួលបានការធានាសុវត្ថិភាព ឬក៏ជិវិតនោះឡើយ (និយាយរួមវាអាចជាបេសកកម្មដើម្បីអនាគតមនុស្សលោក ដែលពួកគេនឹងក្លាយជានិមិត្តរូបជាប្រវត្តិសាស្ត្រ)៕