(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទីបំផុតបានសម្រេចដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើជនជាតិកូរ៉េខាងជើងចំនួន១១នាក់ ព្រមទាំងក្រុមហ៊ុនមួយកន្លែងទៀតរបស់រដ្ឋកុម្មុយនិស្តមួយនេះ ដោយសារតែពួកគេត្រូវបានរកឃើញថា មានជាប់ពាក់ព័ន្ធនៅក្នុងកម្មវិធីផលិតអាវុធមីស៊ីល-នុយក្លេអ៊ែរ របស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០១៧។
ក្រសួងរតនាគារជាតិសហរដ្ឋអាមេរិកបានឲ្យដឹងថា ក្រុមហ៊ុននិងបុគ្គលទាំងប៉ុន្មានខាងលើដែលទទួលរងការដាក់ទណ្ឌកម្មត្រូវគេរកឃើញថា កំពុងធ្វើការជាភ្នាក់ងារសម្ងាត់របស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង នៅក្នុងប្រទេស រុស្ស៊ី ចិន វៀតណាម និងគុយបា ដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុ ឬមួយក៏ជួយទិញសព្វាវុធ ជំនួសឲ្យបណ្តាក្រុមហ៊ុនដែលជាប់ទណ្ឌកម្មនាពេលមុនៗ។
រដ្ឋមន្រ្តីរតនាគារជាតិអាមេរិកលោក Steven Mnuchin បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់លោកថា «ការដាក់ទណ្ឌកម្មនៅពេលនេះ ត្រូវបានធ្វើឡើងដោយសំដៅកាត់បន្ថយខ្សែបណ្តាញក៏ដូចជាមធ្យោបាយ ដែលរដ្ឋាភិបាលកូរ៉េខាងជើងបាននិងកំពុងប្រើប្រាស់ ដើម្បីធ្វើការផ្គត់ផ្គង់ដល់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងខុសច្បាប់របស់ខ្លួន។ ដូច្នេះហើយខ្ញុំទទូចឲ្យគ្រប់ដៃគូសហការ និងសម្ព័ន្ធមិត្តទាំងអស់ ចាត់វិធានការស្រដៀងគ្នានេះ ដើម្បីកាត់ផ្តាច់បណ្តាញផ្គត់ផ្គង់របស់ទីក្រុងព្យុងយ៉ាង»។
គួរបញ្ជាក់ថាការដាក់ទណ្ឌកម្មថ្មីនេះត្រូវបានកំណត់ចេញ នៅក្រោមវិធានការដែលត្រូវបានបង្កើតឡើងដោយរដ្ឋបាលលោក George W. Bush និងរដ្ឋបាលលោក Barack Obama ដែលវាមិនទាន់អាចបង្ហាញពីចំណាត់ការរបស់រដ្ឋបាលលោក Donald Trump ចំពោះកូរ៉េខាងជើងនៅឡើយទេ៕