(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្តេជ្ញាថា នឹងលុបបំបាត់ចោលឲ្យទាល់តែបាន នូវវិធីសាស្រ្តនៃការធ្វើពាណិជ្ជកម្មដែលគ្មានតម្លាភាពនៅទូទាំងពិភពលោក ក៏ដូចជាចាត់វិធានការទៅលើ បណ្តាប្រទេសទាំងឡាយណា ដែលចូលរួមចំណែកក្នុងការធ្វើឲ្យសហរដ្ឋអាមេរិកទទួលរងឱនភាព ពាណិជ្ជកម្មយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០១៧។
ស្របពេលដែលចេញសេចក្តីប្រកាសអំពីការចុះហត្ថលេខាលើ បទបញ្ជាថ្មីចំនួនពីរក្នុងការិយាល័យប្រធានាធិបតីនៅសេតវិមាន លោក ដូណាល់ ត្រាំ បានថ្លែងថា «ចាប់ពីពេលនេះតទៅជនទាំងឡាយណា ដែលហ៊ានល្មើសបទវិន័យនឹងប្រឈមជាមួយលទ្ធផលដ៏សាកសម ហើយលទ្ធផលទាំងនោះគឺមិនល្អនោះ នឹងកាន់តែធ្ងន់ធ្ងរជាទីបំផុត»។
គួរបញ្ជាក់ថាបទបញ្ជាដ៏សំខាន់ជាងគេក្នុងចំណោមបទបញ្ជាថ្មីទាំងពីរ គឺការបង្គាប់ឲ្យមន្រ្តីពាក់ព័ន្ធធ្វើការស្រាវជ្រាវ និងតាមស្វែងរក «ជនបោកប្រាស់» មិនថាជាប្រទេស ឬមួយក៏ក្រុមហ៊ុននានានោះឡើយ ដែលជាអ្នកទទួលខុសត្រូវចំពោះឱនភាពពាណិជ្ជកម្មជិត ៦០ពាន់លានដុល្លារក្នុងមួយខែៗរបស់សហរដ្ឋអាមេរិក៕