(ម៉ូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានថ្លែងថា ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះ ប្រហែលជាអាក្រក់ជាងកាលពីសម័យសង្រ្គាមត្រជាក់ទៅទៀត ដោយសារតែសកម្មភាពរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនសព្វថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០១៧។
នៅពេលត្រូវបានក្រុមអ្នកសារព័ត៌មានចោទសួរថា តើរុស្ស៊ី និងសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងសង្រ្គាមត្រជាក់ថ្មីដែរឬយ៉ាងណានោះ លោក Dmitry Peskov បានធ្វើការឆ្លើយតបទៅវិញយ៉ាងដូច្នេះថា «សង្រ្គាមត្រជាក់ថ្មី? តាមពិតទៅប្រហែលជាអាចអាក្រក់ជាងហ្នឹងទៅទៀត... ដោយសម្អាងលើសកម្មភាពរបស់រដ្ឋបាលដឹកនាំបច្ចុប្បន្ន នៅក្នុងទីក្រុងវ៉ាស៊ីនតោន»។
អ្នកនាំពាក្យវិមានក្រឹមឡាំងបានបន្តទៀតថា ជំនួបរវាងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អាចជួយសម្របសម្រួលឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលយោងតាមប្រវត្តិសាស្រ្តធ្លាប់តែមានភាពយាប់យ៉ឺននោះ ងាកទៅរកភាពប្រសើរឡើងបាន។
គួរបញ្ជាក់ថាដោយឡែកនាពេលថ្មីនេះ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson បានបញ្ជាក់ច្បាស់ៗ ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី និងស្ថិតនៅដដែលលុះត្រាតែទីក្រុងម៉ូស្គូយល់ព្រមប្រគល់តំបន់គ្រីមៀទៅឲ្យប្រទេសអ៊ុយក្រែនវិញ។ ម៉្យាងវិញទៀត កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកទើបតែបានដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត ប្រឆាំងនឹងក្រុមហ៊ុនរុស្ស៊ីចំនួន០៨កន្លែង នៅក្នុងការពាក់ព័ន្ធលួចផ្គត់ផ្គង់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និងកូរ៉េខាងជើង។ ជុំវិញការដាក់ទណ្ឌកម្មថ្មីនេះ អ្នកតំណាងក្រសួងការបរទេសអាមេរិក បានចេញមុខបកស្រាយថា ការសម្រេចចិត្តត្រូវបានធ្វើឡើងតាំងពីអំឡុងប៉ុន្មានថ្ងៃចុងក្រោយ នៃអាណត្តិអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ម៉្លេះ៕