(ប៉េកាំង)៖ ទាំងមានសម្រស់ស្រស់ស្អាត បូកថែមប្រជាប្រិយភាព និងជាស្ត្រីដែលប្រកបដោយឆន្ទៈយ៉ាង មុះមុតក្នុងការប្រយុទ្ធជាមួយនឹងជំងឺអេដស៍ ជំទាវទី១នៃប្រទេសចិនលោកស្រី ពេង លីយ័ន ជាអាវុធការទូត ដ៏មានឥទ្ធិពលបំផុតមួយរបស់ទីក្រុងប៉េកាំង ដែលបាននិងកំពុងពង្រីកអំណាចបែបទន់ភ្លន់របស់ចិននៅជុំវិញពិភពលោក។ លោកស្រី ពេង ដែលទទួលការការគោរពស្រឡាញ់ជាខ្លាំង ពីសំណាក់ប្រជាពលរដ្ឋចិនផ្ទាល់នោះ នឹងអមដំណើរស្វាមីគឺប្រធានាធិបតីចិនលោក ស៊ី ជីនពីង ទៅជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងរដ្ឋផ្លូរីដាសហរដ្ឋអាមេរិកនាសប្តាហ៍ក្រោយនេះ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០១៧។
យ៉ាងណាមិញព័ត៌មានលម្អិតនៃកម្មវិធីរបស់លោកស្រី ពេង ត្រូវបានរក្សាទុកយ៉ាងសម្ងាត់ ប៉ុន្តែរូបលោកស្រីរួមជាមួយលោក ស៊ី នឹងចូលរួមពិសារភោជនីយអាហារជាមួយលោក ត្រាំ និងលោកស្រី មេឡានា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយនេះ (ពេលវេលានៅសហរដ្ឋអាមេរិក)។ ដោយឡែកដោយសារតែមានបញ្ហាដ៏ក្តៅគគុគជាច្រើន នៅចំពោះមុខរួមមានទាំងកូរ៉េខាងជើង និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនោះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា វានឹងជាជំនួបពិភាក្សាដ៏សែនលំបាកមួយ ខណៈចិនកំពុងសង្ឃឹមថា លោកស្រី ពេង លីយ័ន អាចជួយសម្របសម្រួលទំនាក់ទំនងរវាងមេដឹកនាំនៃមហាយក្សសេដ្ឋកិច្ច របស់ពិភពលោកទាំងពីរឲ្យប្រសើរឡើងវិញបាន។
លោក ស្ស៊ី យីនហុង ដែលជាប្រធានមជ្ឈមណ្ឌលសម្រាប់ការសិក្សាអាមេរិកនៅសាកលវិទ្យាល័យ Renmin នៃទីក្រុងប៉េកាំង បានលើកឡើងថា «បើសិនជាជំទាវទី១នៃភាគីទាំងសងខាងជួបសំណេះសំណាលគ្នា ហើយបរិយាកាសនៃជំនួបនោះមានភាពល្អប្រសើរ យ៉ាងហោចណាស់វាក៏នឹងជួយលើកស្ទួយនូវបរិកាសទាំងស្រុង នៃកិច្ចជួបពិភាក្សាការងាររវាងមេដឹកនាំនៃប្រទេសទាំងពីរបានខ្លះៗដែរ»។
គួរបញ្ជាក់ថាលោកស្រី ពេង លីយ័ន ដែលជាជំទាវទី១ដ៏មានឥទ្ធិពលជាងគេបង្អស់របស់ប្រទេសចិន បន្ទាប់ពីភរិយាអតីតមេដឹកនាំចិនលោក ម៉ៅ សេទុង គឺលោកស្រី ជាង ឈីង បានចាប់ផ្តើមលេចធ្លោនៅលើឆាកអន្តរជាតិ នៅពេលលោក ស៊ី ជីនពីង បានទៅបំពេញទស្សនកិច្ចនៅឯប្រទេសរុស្ស៊ីកាលពីខែមីនា ឆ្នាំ២០១៣ ជាលើកដំបូងក្នុងនាមជាប្រធានាធិបតីចិន។ ចាប់តាំងពីពេលនោះមកលោកស្រី ពេង ថែមទាំងបានដាក់ឈ្មោះឲ្យសត្វខ្លាឃ្មុំ Panda រួមគ្នាជាមួយអតីតជំទាវទី១អាមេរិកលោកស្រី មីឈែល អូបាម៉ា ទៀតផង និងបានចងចំណងមិត្តភាពជាមួយកុមារកំព្រាបណ្តាប្រទេសជាច្រើនរួមមានហ្ស៊ីមបាបវេ ក៏ដូចជាក្មេងៗទុរគតនៅក្នុងប្រទេសកូស្តារីកា។
សូមជំរាបថានៅក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ លោកស្រី ពេង លីយ័ន បានខិតខំជួយគាំទ្រនិងទំនុកបំរុងដល់ជនទាំងឡាយ ដែលមានផ្ទុកជំងឺអេដស៍និងរបេងជាដើម ហើយលោកស្រីថែមទាំងត្រូវបានអន្តរជាតិទទួលស្គាល់ តាមរយៈការប្រគល់ពានរង្វាន់នៃអង្គការសហប្រជាជាតិកាលពីខែមករាកន្លងទៅនេះ សម្រាប់ការដើរតួនាទីយ៉ាងសំខាន់របស់លោកស្រី នៅក្នុងការប្រយុទ្ធប្រឆាំងជាមួយស្លាកស្នាមដ៏ឈឺចាប់របស់អ្នកផ្ទុកនិងអ្នកមានជំងឺអេដស៍ថែមទៀតផង៕