(ឡុងដ៏)៖ គេហទំព័រ WikiLeaks នៅថ្ងៃសុក្រនេះ បានចេញផ្សាយឯកសារសម្ងាត់ចុងក្រោយមួយ របស់ទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក CIA ស្ដីពីតាក់ទិច ក្នុងការវាយប្រហារព័ត៌មានវិទ្យាឬ Hack ប្រឆាំងនឹងការធ្វើកោសល្យវិច័យរបស់ក្រុមអ្នកស៊ើបអង្កេតនានានៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Russian Today នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០១៧។
យោងតាមឯកសារសម្ងាត់របស់ WikiLeaks ក្រោមលេខកូដ Vault7 ភាគទី០៣ ដែលមានឈ្មោះថា Marble ទីភ្នាក់ងារ CIA បានប្រើប្រាស់ កម្មវិធីវីរុសម្យ៉ាង ដើម្បីរំខានដល់ការធ្វើកោលសល្យវិច័យរបស់ក្រុមអ្នកស៊ើបអង្កេត ពោលគឺដើម្បីកែប្រែលទ្ធផលនៃការស៊ើបអង្កេត ឬក៏ធ្វើឱ្យពួកគេធ្វើការសន្និដ្ឋានខុសជាដើម។ ជាងនេះទៅទៀត Wikileaks ក៏បានកត់សម្គាល់ដែរថា បចេ្ចកទេសដែល CIA ប្រើប្រាស់នេះ គឺមានភាពដូចគ្នាទៅនឹងបច្ចេកទេសដែល CIA ផ្ទាល់បានប្រើវា ក្នុងការបិទបាំងលេខកូដអក្សរជាភាសាអង់គ្លេស នៅលើប្រព័ន្ធអាវុធផលិត នៅសហរដ្ឋអាមេរិក មុននឹងបញ្ជូនទៅឱ្យក្រុមឧទ្ទាម។
គួរបញ្ជាក់ថា Wikileaks ក៏ធ្លាប់បានចេញផ្សាយផងដែរ ពីសមត្ថភាព Hack ស្នាមម្រាមដៃរបស់ CIA ហើយតាមយៈឯកសារសម្ងាត់ ឈ្មោះថា Marble វាអាច នឹងអនុញ្ញាតឱ្យគេបញ្ជាក់ពីកម្មវិធីវីរុសរាប់ពាន់ដែល CIA ប្រើប្រាស់ក្នុងសកម្មភាព Hack៕