(ម៉ានីល)៖ បណ្ដាប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសហ្វីលីពីនបាននិយាយថា ការគំរាមកំហែងរបស់ លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងមិនអាចបញ្ឈប់ពួកគេពីការរាយការណ៍ព័ត៌មានពិតនៅក្នុងសង្គម នៃប្រទេសអាស៊ានមួយនេះបាននោះឡើយ។ នេះបើតាមក្រុមសម្ព័ន្ធជាតិនៃអ្នកសារព័ត៌មានហ្វីលីពីន ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០១៧។
ប្រតិកម្មរបស់ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនធ្វើឡើងបន្ទាប់ពីលោក ឌូតឺតេ បានប្រើពាក្យជេរប្រមាថ និងគំរាមប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ វាយបកលើបណ្ដាសារព័ត៌មានប្រឆាំងនៅក្នុងស្រុក ដែលតែងតែរិះគន់លើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ក៏ដូចជាចុះផ្សាយថាប្រធានាធិបតីហ្វីលីពីនរូបនេះ បានលាក់បាំងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរាប់លានដុល្លារ បើទោះបីជាលោកបានបដិសេធជាច្រើនលើកក៏ដោយ។
លោក ឌូតឺតេ នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍បាននិយាយយ៉ាងដូច្នេះថា «អ្នកស្គាល់ទេ? អ្នកសារព័ត៌មានដែលបានសួរសំណួរកាលពីថ្ងៃព្រហស្បតិ៍ ពួកគេគឺជាមនុស្សនិយាយកុហុក និងជាសំរាមទេតើ ...កូនមីសំផឹង (Son of a bitch)។ ម្យ៉ាងវិញទៀតពួកគេ (អ្នកសារព័ត៌មានទាំងនោះ) មិនមានភាពអៀនខ្មាស់ពិតប្រាកដនោះទេ ... ខ្ញុំប្រាប់អ្នកទៅចុះ ពួកគេមិនចេះអៀនខ្មាស់ទេ ក្នុងនោះរួមមានទំាងទូរទស្សន៍ ABS-CBN ហើយបើសិនជាអ្នកនិយាយថា កូនមីសំផឹង នៅក្នុងអត្ថបទចុះផ្សាយ ខ្ញុំនឹងវាយបកទៅវិញដោយនិយាយដូចអ្នកដែរ កូនមីសំផឹង!»។
ទោះបីជាយ៉ាងណានៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមសម្ព័ន្ធជាតិនៃអ្នកសារព័ត៌មានហ្វីលីពីន បានបញ្ជាក់ថា ការគំរាមកំហែងពីលោក ឌូតឺតេ នឹងមិនអាចបញ្ឈប់ពួកគេពីការរាយការណ៍ព័ត៌មានពិតបាននោះឡើយ ហើយថាការលើកឡើងទាំងប៉ុន្មានរបស់លោក ឌូតឺតេ គឺគ្មានមូលដ្ឋាន និងខុសទំាងស្រុង៕