(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអវកាស SpaceX របស់សហរដ្ឋអាមេរិកបានបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយនៅថ្ងៃសុក្រនេះ នៅពេលដែលបានធ្វើការបង្ហោះគ្រាប់រ៉ុក្កែត Flacon 9 ប្រើរួចដែលផ្ទុកផ្កាយរណបត្រឡប់ទៅកាន់លំហអាកាសជាលើកដំបូង ហើយបានបញ្ជាវាមកធ្វើការចុះចតនៅលើ Droneship ដែលឈរជើងក្នុងមហាសមុទ្រអាត្លង់ទិចដោយជោគជ័យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិននៅមុននេះបន្តិចនាល្ងាចថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០១៧។
គ្រាប់រ៉ុក្កែតពីរកំណាត់ខាងលើ ដែលផ្ទុកផ្កាយរណបទូរគមនាគមន៍មួយគ្រឿងទៅកាន់គន្លងអវកាស ឲ្យក្រុមហ៊ុនផ្កាយរណប SES មានមូលដ្ឋាននៅទីក្រុង Luxembourg សហរដ្ឋអាមេរិក ត្រូវបានបាញ់បង្ហោះនាវេលាម៉ោង ៦៖២៧នាទីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ចេញពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋផ្លូរីដា ហើយប្រហែលជា១០នាទីក្រោយមក គ្រាប់រ៉ុក្កែតកំណាត់ដំបូងដែលជាប្រព័ន្ធរុញច្រាន បានធ្វើដំណើរត្រឡប់មកធ្វើការចុះចតដោយជោគជ័យ នៅលើនាវាទ្រនាប់មានឈ្មោះថា «Of Course I Still Love You» ដែលឈរជើងនៅមហាសមុទ្រអាត្លង់ទិច។
គួរបញ្ជាក់ថាយោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន SpaceX លោក Elon Musk មធ្យោបាយនេះនឹងអនុញ្ញាតឲ្យគេធ្វើការបង្ហោះ ក៏ដូចជាប្រើប្រាស់ប្រព័ន្ធរុញច្រាន ដែលជាផ្នែកដ៏ថ្លៃជាងគេបង្អស់របស់គ្រាប់រ៉ុក្កែតម្តងហើយម្តងទៀតបាន ហើយវានឹងក្លាយជាបដិវត្តន៍ដ៏សែនអស្ចារ្យមួយនៅក្នុងប្រវត្តិសាស្រ្តនៃការបង្ហោះយានអវកាសក៏ដូចជាគ្រាប់រ៉ុក្កែត។ លោក Musk បាននិយាយដូច្នេះថា «ភាពខុសគ្នាដ៏សំខាន់គឺនៅក្នុងករណីបើសិនជាអ្នកមានយន្តហោះ ហើយត្រូវបោះបង់យន្តហោះនោះចោលនៅក្រោយរាល់ពេលហោះហើរ និងរវាងអ្នកអាចបន្តប្រើប្រាស់ឡើងវិញវាបានជាច្រើនដងទៀត នៅក្រោយការហោះហើរ»៕