(តូក្យូ)៖ ក្រុមកប៉ាល់នេសាទត្រីបាឡែននៃប្រទេសជប៉ុននៅថ្ងៃសុក្រនេះ បានវិលត្រឡប់មកពីការតាមប្រមាញ់ អស់រយៈពេលជាច្រើនខែនៅឯទ្វីបអង់តាកទិក ក្រោមស្លាកឈ្មោះនៃការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត ជាមួយសត្វត្រីខ្នាតធំនេះមិនតិចជាង៣០០ក្បាលនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០១៧។
តុលាការយុត្តិធម៌អន្តជាតិបានចេញសេចក្តីសម្រេចកាលពីឆ្នាំ២០១៤ថា ជប៉ុនគួរតែបញ្ឈប់ការនេសាទត្រីបាឡែន នៅទ្វីបអង់តាកទិច ហើយប្រទេសនៅតំបន់អាស៊ីខាងកើតនេះ ក៏បានផ្អាកការប្រមាញ់តាមរដូវកាល ដើម្បីធ្វើកំណែទម្រង់លើកម្មវិធីនេសាទត្រីបាឡែនរបស់ខ្លួន រួមមានទាំងការចេញវិធានការមួយចំនួន ដូចជាការកាត់បន្ថយចំនួនត្រីបាឡែន និងពូជត្រីបាឡែនដែលត្រូវនេសាទ។ ជប៉ុនបានបន្តការនេសាទត្រីបាឡែនវិញ នៅរដូវកាលឆ្នាំ២០១៥-២០១៦។ ម៉្យាងវិញទៀតជប៉ុនមានគំរោងថា នឹងប្រមាញ់ត្រីបាឡែនឲ្យបានជិត ៤,០០០ក្បាលនៅអំឡុងពេល១២ឆ្នាំក្រោយ ក្នុងកម្មវិធីស្រាវជ្រាវរបស់ខ្លួន។
គួរបញ្ជាក់ថា ជប៉ុនមិនដែលយកចិត្តទុកដាក់ ក៏ដូចជាខ្វល់ខ្វាយនោះឡើយអំពីការប្រឆាំងជំទាស់ជាដដែលៗពីអន្តរជាតិរួមមានទាំងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ទៀតផង។ កាលពីខែមករាកន្លងទៅ អូស្រ្តាលីបានឲ្យដឹងថា ខ្លួនមានការខកចិត្តជាខ្លាំង ដែលជប៉ុនបានសម្រេចបន្តការប្រមាញ់ត្រីបាឡែនរបស់ខ្លួនវិញ តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Malcolm Turnbull បានជជែកពិភាក្សាអំពីបញ្ហានេះជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ។ គួររំលឹកថា សាច់ត្រីសមុទ្រ គឺជាអាហារប្រពៃណីនៃជនជាតិជប៉ុនរាប់ពាន់ឆ្នាំមកហើយ ដែលវាពិបាកខ្លាំងណាស់ក្នុងការលុបបំបាត់៕