(ស្វីស)៖ សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក ដែលហៅកាត់ថា FIFA បានសម្រេចដាក់ចេញសម្រាប់គោល ការណ៍ក្នុងការប្រកួតព្រឹត្តិការណ៍ពិភពលោក World Cup ឆ្នាំ២០២៦ ដែលបានបន្ថែមជម្រើសជាតិកើនដល់ ៤៨ក្រុម ហើយនោះ ក្រោមការបោះឆ្នោតគាំទ្រកាលពីខែមករាកន្លងទៅថ្មីៗនេះ។
តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០១៧ នេះថា បណ្តាសហព័ន្ធទាំង៦ មកពី៦ទ្វីបខាងក្រោមនេះ សុទ្ធតែបង្ហាញសុទ្ធិដ្ឋិនិយមចំពោះការចែកកូតាថ្មីរបស់ FIFA ទាំងអស់ ខណៈប្រទេស ធ្វើម្ចាស់ផ្ទះ ឬសហម្ចាស់ផ្ទះនៃយុទ្ធនាការដែលមានរយៈពេល ៤ឆ្នាំម្តងនេះ ឈ្នះកៅអីដោយស្វ័យប្រវត្តិដោយមិនចាំ បាច់ឆ្លងកាត់វគ្គចម្រុះតាមតំបន់ឡើយ។
កូតាកៅអី World Cup ប្រចាំតំបន់នីមួយៗមានដូចខាងក្រោម៖
- ទ្វីបអាហ្វ្រិក (CAF) = ៩កៅអី (ពីមុន ៥កៅអី)
- ទ្វីបអាស៊ី (AFC) = ៨កៅអី (ពីមុន ៤ ឬ ៥កៅអី)
- ទ្វីបអឺរ៉ុប (UEFA) = ១៦កៅអី (ពីមុន ១៣កៅអី)
- អាមេរិកខាងជើង, កណ្តាល និងតំបន់ Caribbean (CONCACAF) = ៦កៅអី (ពីមុន ៣ ឬ ៤កៅអី)
- ទ្វីបអូសេអានី (OFC) = ១ (ពីមុន ០ ឬ ១កៅអី)
- អាមេរិកខាងត្បូង (CONMEBOL) = ៦កៅអី (ពីមុន ៤ ឬ ៥កៅអី)។
សូមបញ្ជាក់ផងដែរថា FIFA នឹងចម្រាញ់យក២ក្រុមបន្ថែមទៀត ដើម្បីបង្រ្គប់ ៤៨ក្រុមនៅ World Cup 2026 តទៅ ក្នុងចំណោម ៦ក្រុមខ្លាំងចុងក្រោយ បន្ទាប់ពីវគ្គជម្រុះតាមតំបន់នីមួយៗត្រូវបានបញ្ចប់៕