(ការ៉ាកាស់)៖ មហាអំណាចមួយចំនួននៅលើសកលលោក បានធ្វើការព្រមានអំពីលទ្ធភាពនៃការកើតមាន រដ្ឋប្រហារក្នុងប្រទេសវេណេស៊ុយអេឡា ខណៈដែលមានសេចក្តីរាយណ៍ថា តុលាការកំពូលប្រទេសអាមេរិកឡាទីនមួយនេះ កំពុងតែបោះជំហានទៅរកការរឹបអូសអំណាចពីគណបក្សប្រឆាំងនៅក្នុងរដ្ឋសភា។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia ដកស្រង់ពីទីភ្នាក់ងារ AFP នារសៀលថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០១៧។
ការដំណើរការនីតិវិធីរបស់តុលាការកំពូលវេណេស៊ុយអេឡាខាងលើនេះ គឺជាចេតនាបង្កើនឥទ្ធិពលដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីបច្ចុប្បន្នលោក នីកូឡាស់ ម៉ាឌួរ៉ូ ដើម្បីពង្រឹងអំណាចឡើងវិញ ខណៈដែលមួយឆ្នាំមកនេះអំណាចត្រូវបានរាំងស្ទះដោយសារតែការប្រកួតប្រជែងជាមួយនឹង គណបក្សប្រឆាំង ស្របពេលដែលប្រទេសជាតិកំពុងតែទទួលរងនូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរផងដែរ។
បណ្តាប្រទេសជិតខាងមួយចំនួន និងមន្ត្រីរដ្ឋភិបាលអាមេរិកដែលតែងតែរិះគន់មកលើរដ្ឋាភិបាលរបស់ វេណេស៊ុយអេឡា បានសម្តែងការព្រួយបារម្ភបន្ថែមទៀតទៅលើស្ថិរភាពនៅក្នុងប្រទេសសេដ្ឋីប្រេង ប្រចាំតំបន់អាមេរិកខាងត្បូងមួយនេះ ខណៈដែលវិបត្តិសេដ្ឋកិច្ចកំពុងតែបង្កឲ្យមាន ការខ្វះខាតចំណីអាហារផ្គត់ផ្គង់ ការធ្វើបាតុកម្ម និងអំពីហិង្សា ថែមទាំងបទឧក្រិដ្ឋកម្មរីកសាយភាពពាសពេញផ្ទៃប្រទេស។
គួរបញ្ជាក់ថាវិបត្តិនៅក្នុងប្រទេសវេណេស៊ុយអេឡាត្រូវបានបណ្តាប្រទេសក្នុងតំបន់អាមេរិកឡាទីន ដូចជា ប្រេស៊ីល, ម៉ីចស៊ីកូ, ប៉េរូ, អាហ្សង់ទីន, ឈីលី, និងសហរដ្ឋអាមេរិកមានការព្រួយបារម្ភកាន់តែខ្លាំង ពីព្រោះតែភាពស្រដៀងគ្នានឹងស្ថានការណ៍បច្ចុប្បន្ននេះ ក៏ធ្លាប់បានកើតមានផងដែរ ដែលជាហេតុធ្វើឲ្យកើតមានចេតនាបង្ករដ្ឋប្រហារចំនួនបីលើកមកហើយ គិតចាប់តាំងពីឆ្នាំ១៩៩២។ ក្រសួងការបរទេសអាមេរិកបានហៅថា អ្វីដែលតុលាការកំពូលវេណេស៊ុយអេឡាកំពុងរៀបចំធ្វើការសម្រេចនោះថាជា «ការដំណើរការលទ្ធិប្រជាធិបតេយ្យថយក្រោយ»៕