(គូឡាឡាំពួ)៖ ជនជាតិកូរ៉េខាងជើង០៣នាក់ដែលអាជ្ញាធរម៉ាឡេស៊ីកំពុងស្វែងរកដើម្បីសួរចម្លើយ ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលើលោក គីម ជុងណាំ ត្រូវបានគេជឿជាក់ថា បានចាកចេញពីទីក្រុង គូឡាឡាំពួ ជាមួយសាកសពបងប្រុសម្ដាយទីទៃរបស់លោក គីម ជុងអ៊ុន តាមជើងហោះហើរមួយ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង បន្ទាប់ពីរដ្ឋាភិបាលម៉ាឡេស៊ីបានយល់ព្រមប្រគល់សពលោក គីម ជុងណាំ ឱ្យទីក្រុងព្យុងយ៉ាង ជាថ្នូរនឹងការដោះលែងជនជាតិម៉ាឡេស៊ី០៩នាក់នោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០១៧។
យោងតាមរូបភាពជាច្រើនសន្លឹកដែលទីភ្នាក់ងារសារព័ត៌មាន Reuters ទទួលបាន លោក Hyon Kwang Song ជាលេខាធិការទី២ នៃស្ថានទូតកូរ៉េខាងជើងប្រចំាទីក្រុងគូឡាឡំាពួ និងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង Air Koryo លោក Kim Uk Il បាននាំយកសពលោក គីម ជុងណាំ ចាកចេញពីម៉ាឡេស៊ីតាមជើងហោះលេខ ៣៦០ នៃក្រុមហ៊ុន Malaysia Airlines ឆ្ពោះទៅកាន់ទីក្រុងប៉េកាំងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ប៉ុន្តែព័ត៌មាននេះពុំទាន់ត្រូវបានខាងអាជ្ញាធរម៉ាឡេស៊ីទទួលស្គាល់ជាផ្លូវការនៅឡើយទេ។
លោក គីម ជុងណាំ ត្រូវបានឃាតកស្រីពីរនាក់សម្លាប់ដោយប្រើសារធាតុគីមីពុល VX នៅឯ អាកាសយានដ្ឋានទីក្រុងគូឡាឡាំពួកាលពីថ្ងៃទី១៣ ខែកុម្ភៈ ហើយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិយាយថា របបដឹកនាំលោក គីម ជុងអ៊ុន ជាអ្នកបញ្ជាឱ្យគេសម្លាប់លោក គីម ជុងណាំ។
គួរបញ្ជាក់ថាបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ សពលោក គីម ជុងណាំ រួមទំាងលោក Hyon Kwang Song លោក Kim Uk Il និងជនសង្ស័យកូរ៉េខាងជើងម្នាក់ទៀតឈ្មោះ Ri Ji U ទំនងជាអាចនឹងធ្វើដំណើរតាមជើងហោះហើរកូរ៉េខាងជើង Air Koryo ពីទីក្រុងប៉េកាំង ទៅកាន់ទីក្រុងព្យុងយ៉ាង នៅព្រឹកថ្ងៃសៅរ៍សប្ដាហ៍នេះ៕