(យូអិន)៖ អាទិភាពរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងប្រទេសស៊ីរី ត្រូវបានផ្លាស់ប្តូរនៅក្រោមរដ្ឋបាលដឹកនាំថ្មី ហើយសហរដ្ឋអាមេរិកនឹងមិននៅបន្តផ្តោតសំខាន់ លើការទម្លាក់ប្រធានាធិបតីស៊ិរីលោក Bashar Assad ថាជាលក្ខខណ្ឌចាំបាច់សម្រាប់ការបញ្ចប់សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃរយៈពេល០៦ឆ្នាំ នៅក្នុងប្រទេសតំបន់ មជ្ឈិមបូព៌ានេះទៀតឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០១៧។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Nikki Haley បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះថា «គោលដៅអាទិភាពរបស់យើង លែងជាការអង្គុយសំកុកចាំផ្តោតសំខាន់លើការទម្លាក់លោក Assad តទៀតហើយ។ អាទិភាពចម្បងថ្មីរបស់យើង គឺស្វែងរកមធ្យោបាយដ៏សាកសមដើម្បីដោះស្រាយបញ្ហា និងស្វែងរកដៃគូសហការដែលអាចរួមសាមគ្គីគ្នាក្នុងការផ្តល់ជីវិតរស់នៅថ្មីដ៏ស្រស់បំព្រងដល់ប្រជាពលរដ្ឋនៅប្រទេសស៊ីរី។
គួរបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០១១មក នៅពេលដែលជម្លោះក្នុងប្រទេស៊ីរីបានផ្ទុះឡើង រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក្រោមការដឹកនាំរបស់រដ្ឋបាលអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា បានទទូចមិនដាច់ពីមាត់ថា «លោក Assad ត្រូវតែចុះចេញពីតំណែង» ដែលជាដំណោះស្រាយអាចទទួលយកបានតែមួយគត់សម្រាប់សន្តិភាពនៅក្នុងប្រទេសមួយនេះ៕