(កង់ប៊េរ៉ា)៖ ក្រុមអ្នកតារាវិទូមកពីសាកលវិទ្យាល័យជាតិអូស្រ្តាលី (ANU) នៅក្នុងទីក្រុងកង់ប៊េរ៉ា កំពុងធ្វើការស៊ើបអង្កេតទៅលើវត្ថុអាថ៌កំបាំងចំនួនបួន ដែលអាចជា «ភពទី៩ ឬ Planet X» នៃប្រព័ន្ធ ព្រះអាទិត្យរបស់យើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុនបន្តិចនាព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០១៧។
នាដើមសប្តាហ៍នេះសាកលវិទ្យាល័យ ANU បានអំពាវនាវឲ្យប្រិយមិត្តអ្នកស្រឡាញ់ចូលចិត្តវិស័យតារាសាស្រ្តទាំងអស់ ជួយក្រុមអ្នកស្រាវជ្រាវធ្វើការពិនិត្យតាមដានរូបភាពនៃផ្ទៃមេឃនាពេលយប់រាប់ពាន់សន្លឹក ដោយសង្ឃឹមថាពួកគេប្រហែលជាអាចរកឃើញ «ភពទី៩»។ នៅថ្ងៃសុក្រនេះ អ្នកស្រាវជ្រាវដ៏ល្បីប្រចាំសាកលវិទ្យាល័យ ANU លោកបណ្ឌិត Brad Tucker បានឲ្យដឹងថា មនុស្សប្រហែលជា៦០,០០០នាក់ មកពីបណ្តាប្រទេសជុំវិញពិភពលោក បានកត់សម្គាល់ឃើញវត្ថុជាងបួនលានក្នុងលំហអាកាស នៅក្នុងយុទ្ធនាការតាមស្វែងរកភពទី៩។
គួរបញ្ជាក់ថាយោងតាមលោក Tucker មកទល់ពេលនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញវត្ថុអាថ៌កំបាំងចំនួនបួន ដែលគួរឲ្យចាប់អារម្មណ៍និងមានលទ្ធភាពអាចជាភពទី៩ ខណៈដែលការតាមដានភាពលម្អិត នៃវត្ថុទាំងនោះកំពុងតែត្រូវគេតាមដាន និងស្វែងរកភាពពិសេសដែលអាចធ្វើការកត់សម្គាល់ថា ពួកវាជាអ្វីឲ្យប្រាកដ។ ចាប់តាំងពីការដកភពភ្លុយតូចេញពីបញ្ជីភពមក ភពនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះជាផ្លូវការមានតែចំនួន០៨ប៉ុណ្ណោះ ដែលចាប់ពីភពពុធដ៏តូចជាងគេរហូតដល់ភពព្រហស្បតិ៍ទំហំយក្ស៕