(ស៊ីដនី)៖ អាជ្ញាធរអូស្ត្រាលីនៅថ្ងៃសុក្រនេះ បានចេញសេចក្ដីព្រមានដល់ប្រជាជនរបស់ខ្លួន ដែលរស់នៅក្នុងតំបន់រងគ្រោះដោយសារទឹកជំនន់ បង្កឡើងដោយខ្យល់ព្យុះ Cyclone Debbie ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវចុះក្នុងទឹកជាដាច់ខាតបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ត្រីឆ្លាមមួយក្បាលមានប្រវែង ១.៥ម៉ែត្រ បានបោកបក់ពីសមុទ្រដោយមកតាមទឹកជំនន់។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនសិនហួរ នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០១៧។
ប្រជាជនរស់នៅភាគខាងជើងក្នុងទីក្រុង Burdekin នៃរដ្ឋ Queensland បានប្រទះឃើញត្រីឆ្លាមមួយក្បាល នៅលើផ្លូវដែលជន់លិចដោយទឹកជំនន់។ ព្រមពេលជាមួយគ្នាក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ និងសង្រ្គោះបន្ទាន់ ក៏បានចេញសេចក្ដីព្រមានផងដែរដល់ប្រជាជន មិនត្រូវចុះក្នុងទឹកជំនន់ជាដាច់ខាត ខណៈកម្ទេចកម្ទីរ និងសម្ភារៈដែលរប៉ាត់រប៉ាយអណ្តែតនៅលើទឹក អាចធ្វើឱ្យពួកគេមិនអាចមើលឃើញត្រីឆ្លាម។
គួរបញ្ជាក់ថាការជម្លៀសប្រជាជននៅក្នុងតំបន់ភាគខាងត្បូងរដ្ឋ Queensland និង Northern New South Wales ទៅកាន់ទីកន្លែងមានសុវត្ថិភាព នៅតែបន្តធ្វើឡើងស្របពេលស្ថានភាពនៅក្នុងតំបន់មិនទាន់ល្អប្រសើរឡើងវិញនៅឡើយទេ៕