(វ៉ាស៊ីនតោន)៖ អ្នកជំនាញផ្នែកស៊ើបការណ៍សម្ងាត់របស់ទីក្រុងវ៉ាស៊ីនតោន នាពេលថ្មីៗនេះបានឲ្យដឹងថា ប្រមុខដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន មានសមត្ថភាពបើកការវាយប្រហារដោយ អាវុធនុយក្លេអ៊ែរ ដែលអាចបោសសម្អាតចំនួនប្រជាជនអាមេរិកបានដល់ទៅ ៩០ភាគរយ ពោលគឺជិតអស់ពីសហរដ្ឋអាមេរិកតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអង់គ្លេស Express នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០១៧។
លោក James Woolsey អតីតនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA និងលោកបណ្ឌិត Peter Pry ប្រធានគណកម្មាធិការសន្តិសុខជាតិនៃសភាអាមេរិក បានចេញសារព្រមានដ៏ធ្ងន់មួយដែលថា មិនគួរមើលស្រាលលើប្រទេសកូរ៉េខាងជើងមិននោះឡើយ។ លោក Woolsey និង លោក Pry បានថ្លែងដូច្នេះថា «ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងមន្រ្តីរដ្ឋាភិបាលមួយចំនួននៅតែបន្តអះអាងថា កូរ៉េខាងជើងពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីអនុវត្តន៍នូវការគំរាមកំហែងជាដដែលៗរបស់ខ្លួនក្នុងការវាយប្រហារសហរដ្ឋអាមេរិកជាមួយអាវុធនុយក្លេអ៊ែរនៅឡើយទេ»។
អ្នកជំនាញទាំងពីររូបនេះបានបន្ថែមថា «ការធានាអះអាងមិនពិតប្រាកដ ត្រូវបានផ្តល់ទៅឲ្យប្រជាជនអាមេរិក ថាកូរ៉េខាងជើងពុំទាន់បានបង្ហាញឲ្យឃើញថា ខ្លួនមានសមត្ថភាពក្នុងការផលិតគ្រាប់នុយក្លេអ៊ែរ ដែលមានទំហំតូចល្អមសម្រាប់បំពាក់លើមីស៊ីល ឬមួយក៏បង្កើតក្បាលសម្រាប់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលអាចទម្លាយចូលបរិយាកាសដើម្បីវាយប្រហារ ទីក្រុងរបស់អាមេរិកនៅឡើយនោះទេ»។
លោក Woolsey និងលោក Pry បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងអាចទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដ៏មានអនុភាពប្រភេទ «អាតូមិក» និង «អ៊ីដ្រូសែន» ដែលមានសមត្ថភាពឆក់យកជីវិតប្រជាជនអាមេរិករាប់លាននាក់បាន។
គួរបញ្ជាក់ថាកាលពីសប្តាហ៍មុនយោធាកូរ៉េខាងជើងបានព្រមានខ្លាំងៗថា នឹងកម្ទេចសហរដ្ឋអាមេរិកឲ្យក្លាយទៅជាផេះជាមួយគ្រាប់មីស៊ីល Hwasong ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហើយនឹងប្តេជ្ញាការពារសន្តិសុខ ក៏ដូចជាសេចក្តីសុខនៃប្រជាជនរបស់ខ្លួនយ៉ាងមុះមុត នៅក្នុងករណីដែលកងទ័ពអាមេរិក និងអាយ៉ងកូរ៉េខាងត្បូងហ៊ានបាញ់សូម្បីតែគ្រាប់កាំភ្លើងមួយគ្រាប់ចូលមកក្នុងទឹកដីរបស់ប្រទេសកូរ៉េខាងជើង៕