(គូឡាឡាំពួ)៖ ជនជាតិម៉ាឡេស៊ី​០៩នាក់ដែលត្រូវបានកូរ៉េខាងជើងដោះលែង បានត្រឡប់មកដល់ប្រទេស​ម៉ាឡេស៊ីវិញហើយនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងគូឡាឡាំពួយល់ព្រមប្រគល់សាកសព លោក គីម ជុងណាំ បងប្រុសម្ដាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទៅកាន់ ទីក្រុងព្យុងយ៉ាង ដើម្បីបន្ធូរបន្ថយភាពតានតឹងនៃជម្លោះការទូតរវាងប្រទេសទាំងពីរ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០១៧។

យោងតាមមន្ត្រីប៉ូលិស​ម៉ាឡេស៊ី លោក គីម ជុងណាំ ត្រូវបានឃាតក​ស្រីពីរនាក់​សម្លាប់ដោយ​ប្រើសារធាតុគីមី​ពុល VX នៅឯ​អាកាសយានដ្ឋាន​ទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី១៣ ខែកុម្ភៈ។ រីឯសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​បានចោទប្រកាន់ថា​ទីក្រុងព្យុងយ៉ាង គឺជាអ្នកទទួល​ខុសត្រូវ​លើអំពើឃាតកម្ម​នេះ ដែលបានធ្វើឱ្យ​ម៉ាឡេស៊ី និងកូរ៉េខាងជើង សម្រេចចិត្ត​បណ្ដេញអគ្គរដ្ឋទូត​ចេញពីប្រទេសរៀងៗខ្លួន ព្រមទំាងបាន​ហាមមិនឱ្យប្រជាជន​រៀងៗខ្លួនចាកចេញ​ផងដែរ។

ទោះបីជាយ៉ាងណាកាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ និងស្ថានីយ៍​ទូរទស្សរដ្ឋកូរ៉េខាងជើង បានអះអាងថាភាគីទំាងពីរបានឈានដល់កិច្ច ព្រមព្រៀងលុបចោល​ការហាមឃាត់ការធ្វើដំណើរ ជាថ្នូរនឹងការប្រគល់​សាកសព​លោក គីម ជុងណាំ ត្រឡប់ទៅកាន់កូរ៉េខាងជើងវិញ។  

គួរបញ្ជាក់ថា​ជនជាតិម៉ាឡេស៊ី​ទំាង០៩នាក់ រួមមានមន្ត្រីស្ថានទូតម៉ាឡេស៊ី​ប្រចាំកូរ៉េខាងជើង​០៣ និងសមាជិក​គ្រួសារ​របស់ពួកគេ ០៦នាក់បានត្រឡប់មក​ដល់អាកាសយានដ្ឋាន​ទីក្រុងគូឡាឡាំពួ នៅមុន​ព្រះអាទិត្យរះនៅថ្ងៃសុក្រនេះ។ ចំណែកឯសពរបស់លោក គីម ជុងណាំ និងមន្ត្រីទូត​កូរ៉េខាងជើង​ពីរនាក់ ដែលត្រូវបាន​គេសង្ស័យថា បានចូលរួមក្នុង​អំពើឃាតកម្ម​លើ លោក គីម នឹងធ្វើដំណើរ​តាមជើងហោះហើរ​កូរ៉េខាងជើង Air Koryo ទៅកាន់​ទីក្រុងព្យុងយ៉ាង​នៅព្រឹក​ថ្ងៃសៅរ៍​សប្ដាហ៍នេះ ក្រោយចាកចេញពី​ម៉ាឡេស៊ី​ទៅកាន់ទីក្រុង​ប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាម​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់៕