(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ត្រូវបានតុលាការបង្គាប់ឱ្យចាប់ខ្លួនហើយនៅថ្ងៃសុក្រនេះពាក់ព័ន្ធសំណុំរឿងពុករលួយនយោបាយជាមួយលោកស្រី ឆយ ស៊ូនស៊ីល ដែលធ្វើឱ្យលោកស្រីត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែង កាលពីថ្ងៃទី១០ ខែមីនា បើទោះជាលោកស្រីធ្លាប់បានបដិសេធការចោទប្រកាន់នានាជាច្រើនដងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃសក្រ ទី៣១ ខែមីនា ឆ្នាំ២០១៧។
តុលាការនៃទីក្រុងសេអ៊ូល បានសម្រេចចេញដីកាឃាត់ខ្លួនលោកស្រី ផាក ក្រោមបទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹង អំពើពុករលួយ ការរំលោភអំណាច និងការធ្វើឱ្យ លេចធ្លាយឯកសាររដ្ឋាភិបាលព្រមទំាងរួមគំនិតជាមួយមិត្តភក្តិឈ្មោះ ឆយ ស៊ូនស៊ីល បង្ខំឱ្យក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូងបង់ប្រាក់ជាង ៧០លានដុល្លារអាមេរិក ក្រោមរូបភាពជាអំណោយឱ្យទៅមូលនិធិគ្រប់គ្រងដោយស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល។
ជាងនេះទៅទៀតតាមរយៈការសម្រេចចិត្តនេះ លោកស្រីអតីតប្រធានាធិបតីរូបនេះត្រូវបានគេបញ្ជូនទីកាន់មន្ទីរឃុំឃាំងក្នុងទីក្រុងសេអ៊ូល បន្ទាប់ពីចំណាយពេលអស់ជាង ៩ម៉ោងកាលពីថ្ងៃព្រហស្បតិ៍ក្នុងសវនាការរបស់លោកស្រី ហើយដីកាឃាត់ខ្លួនបណ្ដោះអាសន្ននេះមានសុពលភាព ២០ថ្ងៃគិតចាប់តំាងពីថ្ងៃប្រកាស រីឯក្រុមរដ្ឋអាជ្ញាគួរតែអាចនឹងធ្វើការចោទប្រកាន់ជាផ្លូវការឱ្យបានមុនការចាប់ ផ្ដើមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី១៧ ខែមេសា សម្រាប់ការបោះឆ្នោតនៅថ្ងៃទី០៩ ខែឧសភា ខាងមុខ។
គួរបញ្ជាក់ថាតាមរយៈការចាប់ខ្លួននេះ លោកស្រី ផាក គឺនហេ បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង ទី០៣ បន្ទាប់ពីលោក Roh Tae-woo និងលោក Chun Doo-hwan ដែលត្រូវបានតុលាការឃាត់ខ្លួនក្នុងសំណុំរឿងបទឧក្រិដ្ឋ ដែលអាចនឹងប្រឈមមុខជាប់ពន្ធនាគារយ៉ាងតិច ១០ឆ្នាំ ឬច្រើនជាងនេះ បើសិនតុលាការរកឃើញថា លោកស្រីបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់មែននោះ៕