(ព្យុងយ៉ាង)៖ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបញ្ជាក់ច្បាស់ៗថា ខ្លួននឹងចាត់ទុកសហរដ្ឋអាមេរិកថា ជាអ្នកខុសទាំងស្រុង ប្រសិនបើភ្លើងសង្រ្គាមឆាបឆេះឡើងនៅក្នុងតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការដកស្រង់ ការផ្សាយចេញទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០១៧។
ថ្លែងក្នុងកិច្ចប្រជុំមួយប្រមូលផ្តុំដោយមន្រ្តីទូត និងអ្នកកាសែតបរទេសប្រចាំនៅរដ្ឋធានីព្យុងយ៉ាង អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងលោក Sin Hong Chol បានលើកឡើងថា ឧបទ្វីបកូរ៉េកំពុងតែស្ថិតនៅលើមាត់ជ្រោះនៃភ្លើងសង្រ្គាម ខណៈដែលសមយុទ្ធយោធារួមទ្រង់ទ្រាយធំរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅតែបន្តប្រព្រឹត្តទៅដោយមានទាំងការហ្វឹកហាត់ដ៏ពិសេសរចនាឡើង ដើម្បីកម្ទេចមូលដ្ឋានមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក៏ដូចជាធ្វើឃាតប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន ថែមទៀតផង។
លោក Chol បានបន្ថែមដូច្នេះថា «នៅក្នុងករណីដែលសង្រ្គាមផ្ទុះឡើងនៅឧបទ្វីបកូរ៉េ សហរដ្ឋអាមេរិកនឹងក្លាយជាអ្នកទទួលកំហុសទាំងស្រុង ទោះបីជាភាគីខាងណាជាអ្នកបើកការវាយប្រហារមុនក៏ដោយ»។
គួរបញ្ជាក់ថាកាលពីសប្តាហ៍មុនយោធាកូរ៉េខាងជើង បានព្រមានខ្លាំងៗថា នឹងកម្ទេចសហរដ្ឋអាមេរិកឲ្យក្លាយទៅផេះ ហើយនឹងបើកការវាយប្រហារដោយអាវុធនុយក្លេអ៊ែរដោយមិនប្រាប់មុននោះឡើយ៕