(កូរ៉េខាងត្បូង)៖ យោងតាមសារព័ត៌មានធំៗរបស់បរទេសដូចជា Reuters, BBC ចេញផ្សាយមុននេះបន្តិចវេលាម៉ោង១៖៣០នាទីយប់ឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះបានឲ្យដឹងថា តុលាការក្នុងទីក្រុងសេអ៊ូល បានសម្រេចចេញដីកាចាប់ខ្លួន អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គីនហេ ដែលបានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ រំលោភអំណាច និងធ្វើឱ្យលេចធ្លាយឯកសាររដ្ឋាភិបាលជាដើម។
ជាងនេះទៅទៀត លោកស្រី ផាក គីនហេ ក៏ត្រូវបានជាប់សង្ស័យផងដែរថា បានរួមគំនិតជាមួយមិត្តភក្តិឈ្មោះឆយស៊ូនស៊ីល បង្ខំឱ្យក្រុមហ៊ុនធំៗនៅ កូរ៉េខាងត្បូង បង់ប្រាក់ជាង៧០លានដុល្លារក្រោមរូបភាពជាអំណោយឱ្យទៅមូលនិធិគ្រប់គ្រងដោយស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល។ លោកស្រីអាចនឹង ប្រឈមមុខជាប់ពន្ធនាគារយ៉ាងតិច១០ឆ្នាំ។
សូមជំរាបថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧កន្លងទៅ តុលាការធម្មនុញ្ញកូរ៉េខាងត្បូង បានចេញសាលក្រមសម្រេចទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងប្រធានាធិបតី បន្ទាប់ពីលោកស្រីផុងខ្លួននៅក្នុងរឿងអាស្រូវពុករលួយនយោបាយ ឆយ ស៊ូនស៊ីល ហើយតាមរយៈការសម្រេចចិត្តនេះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនឹងត្រូវធ្វើឡើងនៅ៦០ថ្ងៃបន្ទាប់៕