(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍នេះ ព្រឹត្តការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង។ ដូច្នេះសូមទស្សនាកម្រងរូបភាពសំខាន់ៗ ប្រចាំថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ ដូចខាងក្រោម៖
១៖ រដ្ឋមន្ត្រីការពារជាតិថៃ លោក Prawit Wongsuwon បាននិយាយថា គំរោងទិញនាវាមុជទឹក០៣គ្រឿង មានតម្លៃជាង ៣៦ពាន់លានបាត (ជាង១ពាន់ លានដុល្លារអាមេរិក) របស់រដ្ឋាភិបាលយោធាថៃ ពីរដ្ឋាភិបាលទីក្រុងប៉េកាំង គឺជារឿងមួយគួរតែធ្វើ ស្របពេលការគំរាមកំហែងមកលើទឹកដីថៃ កំពុងរីកធំកាន់ តែខ្លាំង៕
២៖ មន្ត្រីការទូតអាមេរិក លោកស្រី Candace Marie Claiborne ត្រូវបានចាប់ខ្លួន ក្រោមបទចោទប្រកាន់ថា បានទទួលប្រាក់សំណូករាប់ម៉ឺនដុល្លារជាថ្នូរនឹង ការរផ្ដល់ឯកសារសម្ងាត់ របស់សហរដ្ឋអាមេរិក ឱ្យទៅទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ចិន។ ក៏ប៉ុន្តែលោកស្រី បានច្រានចោលរាល់ការចោទប្រកាន់ទំាងឡាយ ប្រឆាំងនឹងលោកស្រី៕
៣៖ ប្រឈមមុខនឹងការគំរាមកំហែងពីកូរ៉េខាងជើង គណបក្សកាន់អំណាចជប៉ុនបានជំរុញឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក ស៊ីនហ្សូ អាបេ ពិចារណា ឱ្យបានឆាប់រហ័សក្នុងការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលអាមេរិក (THAAD) នៅលើទឹកដីជប៉ុន ដើម្បីទប់ស្កាត់ការវាយប្រហារជាយថាហេតុណាមួយ ពីសំណាក់របបដឹកនាំទីក្រុងព្យុងយ៉ាង៕
៤៖ មនុស្ស១២នាក់បានស្លាប់ និង០៣នាក់ផ្សេងទៀតទទួលរងរបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្តក្រុងដឹកអ្នកដំណើរខ្នាតតូច បុកនឹងរថយន្តភីកអាប់ដឹកទំនិញ ស្ថិតនៅក្នុងរដ្ឋតិចសាស់ភាគខាងត្បូងសហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២៩ ខែមីនា (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន)៕
៥៖ មន្រ្តីរដ្ឋាភិបាលទីក្រុងម៉ានីល បាននិយាយថា ចិន និងហ្វីលីពីន នឹងបើកកិច្ចពិភាក្សាដោយផ្ទាល់ជាមួយគ្នា ស្តីពីបញ្ហាវិវាទដែនសមុទ្រ នៅខែឧសភាខាងមុខនេះ ខណៈប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ កំពុងព្យាយាមពង្រឹងបន្ថែមនូវចំណងសេដ្ឋកិច្ចជាមួយទីក្រុងប៉េកាំង៕
៦៖ តុលាការមួយក្នុងទីក្រុងសេអ៊ូល នឹងធ្វើការសម្រេចចិត្ត នៅថ្ងៃព្រហស្បតិ៍នេះ ថាតើគួរចេញសាលដីកាឃាត់ខ្លួន អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រីផាក គឺនហេ ឬក៏យ៉ាងណា សម្រាប់បទចោទប្រកាន់នៅក្នុងសំណុំរឿងពុករលួយនយោបាយឆយ ស៊ូនស៊ីល ដែលនំាឱ្យលោកស្រីត្រូវខ្ទាតចេញពី តំណែងជាប្រធានាធិបតី។ នៅក្នុងករណី ការចោទប្រកាន់ធ្វើឡើងជាផ្លូវការ ហើយលោកស្រីផាក ត្រូវបានគេរកឃើញថាមានកំហុសដូចការចោទប្រកាន់ នោះ លោកស្រីអាចនឹងប្រឈមមុខជាប់ពន្ធនាគារយ៉ាងតិច១០ឆ្នាំ៕
៧៖ ដើម្បីខ្ទប់ដង្ហើមសេដ្ឋកិច្ច និងហិញ្ញវត្ថុ កុំឱ្យកូរ៉េខាងជើងយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង សហរដ្ឋអាមេរិក និងសម្ព័ន្ធ មិត្តបានដាក់ទណ្ឌកម្មជាច្រើន រហូតដល់ធ្វើឱ្យប្រទេសកុម្មុយនីស្ដឯកោមួយនេះ ក្លាយជាប្រទេសជាប់ទណ្ឌកម្មអន្តរជាតិច្រើនជាងគេបំផុតនៅលើពិភពលោក។ ក៏ប៉ុន្តែទន្ទឹមគ្នានឹងការចាត់វិធានការនេះ របបដឹកនាំទីក្រុងព្យុងយ៉ាង បានរិះគន់យ៉ាងខ្លាំង លើទីក្រុងវ៉ាស៊ីនតោន ហើយថានឹងមិនបោះបង់ចោលផ្លូវដែលខ្លួន កំពុងតែដើរជាដាច់ខាត រហូតក្លាយជារដ្ឋនុយក្លេអ៊ែរ៕