(សិង្ហបុរី)៖ មនុស្ស៨១នាក់ត្រូវបានឃាត់ខ្លួនដោយប៉ូលិសសិង្ហបុរី ដោយសាតែជនទាំងអស់នេះជាប់សង្ស័យថា មានពាក់ព័ន្ធក្នុងករណីឆបោកដល់ទៅចំនួន២៤៤លើក ដែលមានសាច់ប្រាក់សរុបមិនក្រោម១.៤លានដុល្លារសិង្ហបុរីនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃព្រហស្បតិ៍នេះ ប៉ូលិសសិង្ហបុរីបានឲ្យដឹងថាបុរស៤៦នាក់រួមនិងស្រ្តីចំនួន៣៥នាក់ ត្រូវបានចាប់ខ្លួននៅក្នុងអំឡុងប្រតិបត្តិការរយៈពេលបីថ្ងៃមួយដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទសប្តាហ៍នេះ ហើយពួកគេមានអាយុចន្លោះពី១៦ដល់៦៥ឆ្នាំ។ ជនសង្ស័យទាំង៨១រូបកំពុងស្ថិតក្រោមការស៊ើបអង្កេត សម្រាប់បទល្មើសនៃការឆបោកនិងការលាងលុយកខ្វក់ ហើយបើសិនជាត្រូវបានរកឃើញថាពិតជាមានទោសប្រាកដមែននោះ ពួកគេអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ទៅ១០ឆ្នាំ ជាមួយការពិន័យជាប្រាក់៥០០,០០០ដុល្លារសិង្ហបុរីថែមទៀតផង។
ជាចុងក្រោយកម្លាំងប៉ូលិសនៃប្រទេសសិង្ហបុរី បានប្តេជ្ញាថាពួកគេនឹងនៅតែខិតខំប្រឹងប្រែងបើកប្រតិបត្តិបង្រ្កាបបែបនេះតទៅទៀត និងប្រើប្រាស់ចំណាត់ការយ៉ាងតឹងរ៉ឹងប្រឆាំងរាល់ភាគីទាំងឡាយណាដែលមានជាប់ទាក់ទិនជាមួយទង្វើឆបោក៕