(បាដាត)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានធ្វើដំណើរទៅដល់ រដ្ឋធានីបាកដាដហើយនៅថ្ងៃព្រហស្បតិ៍នេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីមានការវាយប្រហារដោយ បំផ្ទុះគ្រាប់បែកអត្តឃាតដ៏អាក្រក់នៅឯប៉ុស្ដន៍ត្រួតពិនិត្យមួយកន្លែង ស្ថិតនៅភាគខាងត្បូងរដ្ឋធានីនៃប្រទេស អ៊ីរ៉ាក់។ នេះបើតាមសម្តីអាជ្ញាធរអ៊ីរ៉ាក់ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ លោក Antonio Guterres គ្រោងនឹងជួបពិភាក្សាការងារជាមួយមន្ត្រីកំពូលអ៊ីរ៉ាក់ រួមមានទំាងលោកនាយករដ្ឋមន្រ្តី ហៃឌឺ អាល់ អាបាឌី និងប្រធានាធិបតី លោក ហ្វូអាត ម៉ាស៊ូម ស្ដីពីសង្រ្គាមប្រយុទ្ធប្រឆាំងនឹងក្រុម ISIS ព្រមទាំងវិបត្តិមនុស្សធម៌ ខណៈប្រជាជនអ៊ីរ៉ាក់រាប់ពាន់នាក់ កំពុងរត់គេចខ្លួនពីតំបន់សង្រ្គាមនៅក្បែរបរិវេណទីក្រុងម៉ូស៊ូល។
គួរបញ្ជាក់ថាបើតាមក្រុមមន្ត្រីអ៊ីរ៉ាក់ មនុស្ស១៣នាក់បានស្លាប់ និង២៤នាក់រងរបួសដោយសារការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីយប់ថ្ងៃពុធ ហើយភ្លាមៗពុំទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវនៅឡើយទេ ក៏ប៉ុន្តែក្រុម ISIS ត្រូវបានគេជឿជាក់ជាអ្នកនៅពីក្រោយការវាយប្រហារដ៏អាក្រក់នេះ៕