(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានធ្វើការតិះដៀលធ្ងន់ៗដាក់សហរដ្ឋអាមេរិក សម្រាប់ការរៀបចំគំរោង ដើម្បីរឹតបន្តឹងទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ ប្រឆាំងមកលើទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីផ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។
ទីភ្នាក់ងារព័ត៌មាន KCNA ដោយដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានចេញសេចក្តីរាយការណ៍ថា នៅក្នុងកិច្ចប្រជុំពេញអង្គមួយនៃគណកម្មការគ្រប់គ្រងហិរញ្ញវត្ថុអន្តរជាតិ ដែលត្រូវបានប្រារព្ធឡើងនៅទីក្រុងប៉ារីសកាលពីកុម្ភៈកន្លងទៅ សហរដ្ឋអាមេរិកជាថ្មីម្តងទៀតបានដាក់កូរ៉េខាងជើងចូលទៅក្នុងប្រទេស ដែលចាំបាច់ត្រូវតែរារាំងលំហូរហិរញ្ញវត្ថុជាមួយប្រទេសដទៃៗទៀត។
អ្នកនាំពាក្យរូបនេះបានបន្តថា «ពួកគេថែមទាំងបានដាក់សម្ពាធលើអង្គការសង្គមសម្រាប់ទូរគមនាគមន៍ផ្នែកហិរញ្ញវត្ថុ នៃអន្តរធនាគារពិភពលោក (SWIFT) ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសប៊ែលហ្សិក ឲ្យកាត់ផ្តាច់រាល់ការទាក់ទងផ្នែកហិរញ្ញវត្ថុ ជាមួយបណ្តាធនាគាររបស់កូរ៉េខាងជើងទៀតផង»។
គួរបញ្ជាក់ដែរថាសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូងកំពុងតែពិចារណាលើការហាមឃាត់រាល់ការនាំចេញប្រេង ទៅកាន់ប្រទេសកូរ៉េខាងជើង ដែលនេះគឺជាវិធានការដាក់ទោសទណ្ឌថ្មីមួយទៀតប្រឆាំងការធ្វើតេស្តគ្រាប់នុយក្លេអ៊ែរលើកទី៦ របស់រដ្ឋកុម្មុយនិស្តមួយនេះ ដែលនឹងអាចមានកម្លាំងខ្លាំងជាងមុនដល់ទៅ១៤ដង ហើយអាចនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខ៕